(ភ្នំពេញ)៖ សម្រាប់លទ្ធផល នៃការប្រលងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឬហៅថា បាក់ឌុប សម័យប្រឡង៖ ២០ សីហា ២០១៨ មានបេក្ខជនតែម្នាក់ប៉ុណ្ណោះ ដែលទទួលបានពិន្ទុ១០០ពេញ (និទ្ទេស A) ក្នុងចំណោមបេក្ខជនបេក្ខនារី ដែលទទួលបាននិទ្ទេស A សរុប២៩០នាក់ គឺបេក្ខជន ប៉េង គីមហេង មកពីវិទ្យាល័យប៊ែលធីសាខាទី៧ ក្នុងរាជធានីភ្នំពេញ។
ការដណ្តើមបាននិទ្ទេស A ដែលមានលំដាប់ពិន្ទុ១០០ពេញរបស់បេក្ខជន ប៉េង គីមហេង ខាងលើនេះ បានធ្វើឲ្យវិទ្យាល័យប៊ែលធី នៅតែអាចរក្សាខ្សែក្រវ៉ាត់រយៈពេល៣ឆ្នាំជាប់ៗគ្នា គិតចាប់តាំងពីឆ្នាំ២០១៦មក។
នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកបណ្ឌិត លី ឆេង អគ្គនាយកសាលាប៊ែលធី បានជួបសំណេះសំណាលជាមួយបេក្ខជន ប៉េង គីមហេង ដោយចូលរួមកោតសរសើរចំពោះលទ្ធផលដ៏ត្រចះត្រចង់ រួមជាមួយសិស្សប៊ែលធីផ្សេងៗទៀត ដែលទទួលបាននិទ្ទេសល្អប្រសើរនេះ។
បើតាមលោកបណ្ឌិត លី ឆេង សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០១៨នេះ សិស្សវិទ្យាល័យប៊ែលធីរបស់លោក ទទួលបាននិទ្ទេស A ចំនួន៣២នាក់ ក្នុងចំណោមសិស្សដែលទទួលបាននិទ្ទេស A នៅទូទាំងប្រទេសមានចំនួន២៩០នាក់។
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨នេះថា សម្រាប់សិស្សដែលទទួលបាន និទ្ទេស A មានលំដាប់ពិន្ទុរហូតដល់១០០ពេញ គឺមានតែបេក្ខជន ប៉េង គីមហេង ម្នាក់ប៉ុណ្ណោះ មកវិទ្យាល័យប៊ែលធីសាខាទី៧ ក្នុងរាជធានីភ្នំពេញ។
យោងតាមជីវប្រវត្តិរបស់បេក្ខជន ប៉េង គីមហេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីថ្នាក់ដឹកនាំសាលាប៊ែលធី បានបង្ហាញថា យុវជនដែលមានចំណេះដឹងដ៏ខ្លាំងរូបនេះ កើតនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០០ នៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ តែបច្ចុប្បន្នរស់នៅផ្ទះលេខ២៤៣ ផ្លូវលេខ១៥០z សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យុវជន ប៉េង គីមហេង មានឪពុកឈ្មោះ ប៉េង ទី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ និងម្តាយឈ្មោះ គី ប៊ុនហៀង មានអាយុ៣៨ឆ្នាំ ជាជនជាតិខ្មែរ។
សូមជម្រាបថា សិស្សប៊ែលធី បានរក្សាជើងឯកលេខ១ ជាប់ៗគ្នារយៈពេល៣ឆ្នាំចុងក្រោយនេះ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេស ដែលទទួលបាននិទ្ទេស A មានលំដាប់ពិន្ទុ១០០ពេញ។ ការទទួលបានលទ្ធផលបែបនេះ ជាមានមោនភាពខ្លាំងណាស់សម្រាប់គ្រួសារ ប៉េង គីមហេង ជាពិសេសនោះជាមុខមាត់រីកធំធាត់កាន់តែខ្លាំង របស់សាលាប៊ែលធី ទៅកាន់មហាជនទូទៅ និងអាណាព្យាបាលសិស្សគ្រប់រូប ដែលចង់បញ្ជូនកូនៗរបស់ខ្លួនទៅសិក្សាសាលាដ៏មានគុណភាពមួយនេះ។
របាយការណ៍របស់សាលាប៊ែលធី បានបង្ហាញថា
*នៅឆ្នាំ២០១៧កន្លងទៅ សិស្សឈ្មោះ ស គីមស៊ា ភេទប្រុស បានប្រឡងជាប់ និទ្ទេស A ជាមួយពិន្ទុ១០០ពេញ រួមនឹងសិស្សប៊ែលធី ចំនួន២៥នាក់ផ្សេងទៀត ក៏បានជាប់និទ្ទេស A ផងដែរ (ក្នុងចំណោមបេក្ខជនចូលរួមប្រឡង ចំនួន១០១,៤១៣នាក់)។
*នៅឆ្នាំ២០១៦ សិស្សឈ្មោះ កាំង ស៊ីញលី ភេទប្រុស បានប្រឡងជាប់និទ្ទេស A ជាមួយពិន្ទុ១០០ពេញ រួមនឹងសិស្សប៊ែលធី ចំនួន១៩នាក់ ផ្សេងទៀតក៏បានជាប់និទ្ទេស A ផងដែរ (ក្នុងចំណោមបេក្ខជនចូលរួមប្រឡង ចំនួន ៨៩,៦៦១នាក់)។
*ដោយឡែកនៅឆ្នាំ២០១៥ សិស្សឈ្មោះ សេង ហ្គិចលី ភេទស្រី បានប្រឡងជាប់និទ្ទេស A លំដាប់ពិន្ទុលេខ២ ទូទាំងប្រទេស រួមនឹងសិស្សប៊ែលធី ចំនួន០៥នាក់ ផ្សេងទៀតក៏បានជាប់និទ្ទេស A ផងដែរ (ក្នុងចំណោមបេក្ខជនចូលរួមប្រឡង ចំនួន ៩៣,៤៥៦នាក់)។
សូមបញ្ជាក់ថា បេក្ខជនប្រលងបាក់ឌុប នៅឆ្នាំ២០១៨នេះ ជាប់សរុប ៧៥,០៥៩នាក់ ស្មើនឹង ៦៦.២១%។ មានបេក្ខជន និទ្ទេស A ២៩០នាក់, បេក្ខជន និទ្ទេស B ១,៥៣២នាក់, បេក្ខជន និទ្ទេស C ៤,៦៣១នាក់, បេក្ខជន និទ្ទេស D ១៣,៩៩៩នាក់ និងបេក្ខជននិទ្ទេស E ៥៤,៦០៧នាក់។ ការប្រឡងសម្រាប់ឆ្នាំសិក្សា២០១៨នេះ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុបចំនួន ១១៥,២៦៨នាក់ ស្រី៥៨,១៥៨នាក់៕
បេក្ខជន ប៉េង គីមហេង ដែលទទួលបាន និទ្ទេស A ជាមួយលំដាប់ពិន្ទុ ១០០ ឆ្នាំ២០១៨
បេក្ខជន ស គីមស៊ា ដែលទទួលបាន និទ្ទេស A ជាមួយលំដាប់ពិន្ទុ ១០០ ឆ្នាំ២០១៧
បេក្ខជន កាំង ស៊ីញលី ដែលទទួលបាន និទ្ទេស A ជាមួយលំដាប់ពិន្ទុ ១០០ ឆ្នាំ២០១៦
បេក្ខជន សេង ហ្គិចលី ដែលទទួលបាន និទ្ទេស A ជាមួយលំដាប់ពិន្ទុលេខ២ ឆ្នាំ២០១៥