(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាបើនិយាយពីកិច្ចប្រជុំគណៈរដ្ឋមន្រ្ដីក្នុងអាណត្ដិទី៦នេះ ហើយដែលបានបើកកិច្ចប្រជុំជាលើកដំបូងកាលពីថ្ងៃទី៧ កញ្ញា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីការឈ្នះឆ្នោត ដូចយើងទំាងអស់គ្នាបានឃើញនេះ គឺពិតជាឆ្លុះបញ្ចំាងឲ្យបង្ហាញថា «កម្ពុជា ជារដ្ឋដែលមានឯករាជ្យ អធិបតេយ្យ និង បូរណភាពទឹកដី»យ៉ាងពិតប្រាកដ។ បានន័យថាកិច្ចប្រជុំនេះ ជាការបង្ហាញអំពីរាជរដ្ឋាភិបាលមួយប្រសូត្រពីការបោះឆ្នោត ដែលមិនខុសពីបណ្ដាលប្រទេសប្រកាន់របបប្រជាធិបតេយ្យនានា លើពិភពលោកនោះទេ។

ជាក់ស្ដែងដូចជាប្រទេសម៉ាទ្បេស៊ី ជាដើម យើងឃើញថាក្នុងការបោះឆ្នោតថ្មីៗនេះ លោក មហាធៀ មហាម៉ាត់ ដោយគ្រាន់តែបោះឆ្នោតចប់ភ្លាម ហើយប្រកាសឈ្នះឆ្នោត បានតែ១ថ្ងៃប៉ុណ្ណោះ បានស្បថចូលកាន់ដំណែងជានាយករដ្ឋមន្រ្ដីភ្លាមៗតែម្ដង ដោយគ្មានខ្វល់ ឬរងចំាប្រទេសណាគំាទ្រឬមិនគំាទ្រនោះទេ។ ត្រង់ចំណុចនេះហើយដែលហៅថា «រដ្ឋអធិបតេយ្យ»នោះ។

លោក រត្ន័ សណ្ដាប់ បន្ដថាបើដូច្នេះចំពោះកិច្ចប្រជុំគណៈរដ្ឋមន្រ្ដី ជាលើកដំបូងដូចយើងឃើញនេះ គឺក្នុងន័យប្រកាសប្រាប់ដល់មហាជនខ្មែរដែលជាម្ចាស់ឆ្នោតថា «រាជរដ្ឋាភិបាល អាណត្ដិទី៦ បានចាប់ផ្ដើមធ្វើការងាររបស់ខ្លួនដោយរាប់ជាថ្ងៃទី១ ចាប់ពីកិច្ចប្រជុំ»នេះតទៅ៕