(ប៉ាតានី-ថៃ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៨នេះ បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសគ្រប់គ្រងធុរកិច្ច ពីសាកលវិទ្យាល័យហ្វាតានី នៅភាគខាងត្បូងថៃ ជាសាកលវិទ្យាល័យអន្តរជាតិធំជាងគេ ក្នុងតំបន់ភាគខាងត្បូងប្រទេសនេះ។

ការប្រគល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយសនេះ ក្រោមការឯកភាព និងជំរុញពីសហក្រុមប្រឹក្សាភិបាល ដែលមានលោក Wan Muhamad Noor Matha ជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ដែលជាអតីតប្រធានរដ្ឋសភា និងឧបនាយករដ្ឋមន្រ្តីថៃផងដែរ។

ពិធីខាងលើ ធ្វើឡើងស្របជាមួយនឹងពិធីប្រគល់សញ្ញាបត្រលើកទី១៥ របស់សាកលវិទ្យាល័យ ដែលសរុបមានចំនួន
៩៧១រូប ដែលក្នុងនោះឥស្សរជនបណ្ឌិតកិត្តិយសប្រចាំឆ្នាំរបស់សាកលវិទ្យាល័យ១រូប គឺលោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ និង១០រូបសញ្ញាបត្រអនុបណ្ឌិត ព្រមទាំង៩៦០រូប បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ក្នុងនោះ និស្សិតខ្មែរ២២នាក់ ដែលទទួលបរិញ្ញាបត្រ។

ថ្លែងក្នុងមតិចំណាប់អារម្មណ៍ជូនអង្គពិធី លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានលើកឡើងថា លោកជឿជាក់ថា តាមរយៈការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសមកដល់រូបលោកនៅថ្ងៃនេះ ពិតជាអាច​ជួយដាស់ស្មារតី ពង្រឹងអារម្មណ៍របស់យុវជនយើងទាំងកម្ពុជា និងថៃ ត្រូវតែភ្ញាក់រលឹក ប្រឹងប្រែង​បន្ត​ទៀត ដើម្បីសម្រេចឲ្យបាននូវគោលដៅរួមរបស់យើងម្នាក់ៗ នោះគឺអភិវឌ្ឍសហគមន៍យើង​ ដោយឲ្យទទួល​បាន​នូ​វការបញ្ចប់ការសិក្សាកម្រិតឧត្តមសិក្សាទាំងផ្នែកចំណេះទូទៅ ឬផ្នែកឥស្លាម ទទួលបា​នការងារធ្វើល្អៗ បង្កើត​ជាមុខរបរ​ បង្កើតរោងចក្រ សហគ្រាស មន្ទីរពេទ្យ ។ល។ ពិសេស​គឺខិតខំ​ធ្វើឲ្យ​សហគមន៍យើង​អាច​រស់នៅប្រកបដោយសុខសន្តិភាព និងអភិវឌ្ឍន៍ ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងស្រឡាញ់អំពី​ប្រមុខ​រាជ​រដ្ឋាភិបាល​របស់​យើង។

សម្រាប់មុស្លិមកម្ពុជា លោកពិតជាមានមោទនភាពណាស់ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ និងគិតគូរខ្ពស់ដល់ប្រជាពលរដ្ឋទូទៅ រួមទាំងសហគមន៍ខ្មែរឥស្លាមផងដែរ៕