(កណ្តាល)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ការពារជាតិមិនមែនជាភារកិច្ចរបស់មនុស្ស ជំនាន់ណាមួយនោះទេ ប៉ុន្តែគឺជាភារកិច្ចរបស់យើងទាំងអស់គ្នាគ្រប់ជំនាន់។ ដូច្នេះភារកិច្ចពីមួយជំនាន់ទៅមួយជំនាន់យើងត្រូវរួមគ្នា វាដូចជាយើងជិះទូក គឺត្រូវទៅមុខជានិច្ចហើយលឿនជាងមុន។
ការលើកឡើងរបស់មេទ័ពជើងគោកកម្ពុជារូបនេះ បានធ្វើឡើងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកឧត្តមសេនីយ៍ បានអញ្ជើញជាអធិបតីភាពខួបអនុស្សាវរីយ៍ គម្រប់ឆ្នាំទី១០ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ពិធីនេះមានការចូលរួមពីបណ្តាអង្គទូត សេនានុព័ន្ធ អនុព័ន្ធយោធា នៃប្រទេសជាមិត្ត ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពាជាតិ នាយទាហាន នាយទាហានរង ពលទាហាន និងភ្ញៀវជាតិ អន្តរជាតិចូលរួមជាង២ពាន់នាក់ ដោយមានការតាំងបង្ហាញយោធបរិក្ខាផ្សេងៗ និងអញ្ជើញកាត់ខ្សែបូរណ៍សម្ពោធអគារ បញ្ជាការចំនួន០៣ខ្នងផងដែរ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ការការពារជាតិមិនមែនជាភារកិច្ចរបស់មនុស្សជំនាន់ណាមួយនោះទេ គឺជាភារកិច្ចរបស់យើងទាំងអស់គ្នាគ្រប់ជំនាន់។ ដូច្នេះ ភារកិច្ចពីមួយជំនាន់ទៅមួយជំនាន់យើងត្រូវរួមគ្នា បីដូចជាយើងជិះទូក គឺត្រូវទៅមុខជានិច្ច ហើយលឿនជាងមុន។ យើងត្រូវការនាយទាហានជំនាន់មុនជួយប្រាប់ ជួយតម្រង់ទិសដើម្បីដើរតាមទិសដៅ នៃកំណែទម្រង់ក្នុងការពង្រឹងកងទ័ព ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ដើម្បីសម្រេចបានជោគជ័យយើងត្រូវការចូលរួម ព្រោះការចូលរួមនេះ គឺសំខាន់ណាស់មនុស្សគ្រប់ជំនាន់ ធ្វើយ៉ាងណាដើម្បី ឲ្យកងទ័ពរបស់យើងកាន់តែខ្លាំង»។
លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បាន្តថា ប្រទេសជាតិមួយខ្លាំងគឺខ្លាំងដោយសារកងទ័ព កងទ័ពសម័យនេះ គឺមិនខុសពីកងទ័ពសម័យមុន គឺខុសតែអាយុខុសតែសមីការប៉ុណ្ណោះ ប៉ុន្តែភារកិច្ច និងកាតព្វកិច្ចរបស់យើងមិនខុសគ្នាទេ។ តួនាទីភារកិច្ច និងកាតព្វកិច្ចរបស់កងទ័ព គឺស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្រុកច្បាប់ ការពារទឹកដី និងថែរក្សាសុខសន្តិភាពជូនមាតុភូមិ និងប្រជាជន។ ទោះបីប្រទេសកម្ពុជា គឺជាប្រទេសតូចកងទ័ពយើងមិនទាន់មានសភាវុធទំនើបដូចប្រទេសមហាអំណាច ឬបណ្ដាប្រទេសអភិវឌ្ឍន៍រួច ក៏ដោយប៉ុន្តែកម្ពុជា មានកងទ័ពដ៏ស្មោះត្រង់មានស្មារតី និងឆន្ទៈស្នេហាជាតិ។ កងទ័ពកម្ពុជាយើង បានឆ្លងកាត់នូវដំណាក់កាលជាច្រើន ទាំងការខិតខំស្វែងរកសុខ សន្តិភាព ការកសាង ស្ថេរភាពជាតិ ឯកភាពជាតិ និងរហូតឈានដល់ដំណាក់កាលអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ គឺពិតណាស់មិនអាចខ្វះ វត្តមានកងទ័ពបានឡើយ ដែលជាតួអង្គប្រតិបត្តិករដ៏សំខាន់របស់មាតុភូមិ និងប្រជាជន។
លោកឧត្តមសេនីយ៍ឯក បានបន្ថែមទៀតថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលអាណត្តិទី០៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រេចបានជោគជ័យ ដ៏ត្រចះត្រចង់បំផុត ជូនជាតិមាតុភូមិ និងប្រជាជន។ តាមរយៈលទ្ធផល នៃការបោះឆ្នោតថ្មីៗនេះ សម្តេចតេជោ ត្រូវបានជ្រើសរើស ដោយប្រជាពលរដ្ឋតាមបែបលទ្ធិប្រជាធិបតេយ្យ និងត្រូវបានត្រាស់បង្គាប់តែងតាំង ជានាយករដ្ឋមន្ត្រីដឹកនាំរាជរដ្ឋាភិបាលអណត្តិទី៦ទៀត។ ខឿនការពារជាតិរបស់ប្រជាជន និងខឿនសន្តិសុខជាតិកាន់តែបានពង្រឹង ដែលបានធានាដល់កិច្ចការពារ បូរណភាពទឹកដី ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សន្តិសុខសង្គម និងការរស់នៅដ៏សុខសាន្ត របស់ប្រជាជនព្រមទាំងបង្កលក្ខណៈអំណោយផលគ្រប់បែបយ៉ាង ដល់ដំណើរការ នៃការគ្រប់គ្រងស្ថាប័នសង្គម ទាំងស្ថាប័នសាធារណៈស្ថាប័នឯកជនក៏ដូចជា៖ អង្គការក្រៅរដ្ឋាភិបាលនានានៃសង្គមស៊ីវិល។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កំណែទម្រង់ផ្អែកលើស្មារតីតែមួយគត់គឺជាតិនិយម។ បើកងទ័ពមិនមែនដើម្បីជាតិ ដើម្បីប្រជាជន គឺដើម្បីអី្វ? ហើយកងទ័ពខ្មែរ បើមិនដើម្បីជាតិខ្មែរ ដើម្បីប្រជាជនខ្មែរ គឺដើម្បីអី្វ? នេះគឺជាកំណែទម្រង់និងចក្ខុវិស័យ របស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងការពារជាតិដែលត្រូវធ្វើឱ្យកងទ័ពយើងខ្លាំង និងមានប្រសិទ្ធិភាព។ នេះគឺជាអ្វីដែលយើង ទាំងអស់គ្នាត្រូវទទួលស្គាល់។ កងទ័ពជាមួយនិងកិត្យានុភាពរបស់ប្រទេស គឺដើរទន្ទឹមគ្នា។ កងទ័ពនាសម័យមហានគរខ្លាំងធ្វើឱ្យយើងខ្លាំង បន្ទាប់មកខ្មែរបែកបាក់គ្នា ធ្វើឲ្យយើងចុះខ្សោយ ហើយនៅឆ្នាំ១៩៩៨ យើងខិតខំកសាង និងរូបរួមគ្នាគឺយើងធ្វើឱ្យទ័ពយើងខ្លាំង ហើយស្នាដៃរបស់នាយទាហានជំនាន់មុន គឺបានកសាងកងទ័ពរបស់យើង បានមកដល់ប៉ុណ្ណេះ គឺធំធេងណាស់សម្រាប់ជាតិមាតុភូមិរបស់យើង។ ហើយយើងបន្តទៅមុខទៀតពង្រឹង និងរក្សាបន្ថែមកងទ័ពរបស់យើងដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។
មេទ័ពជើងគោកកម្ពុជាដែលទើបឡើងកាន់តំណែងថ្មីៗនេះ បានបញ្ជាក់បន្ថែមទៀតថា ទ័ពបច្ចុប្បន្នត្រូវខិតខំយកគំរូវីរភាពកងទ័ពជំនាន់មុន រក្សាទុកនូវអ្វីដែលល្អៗ អ្វីដែលយើងមិនទាន់បានត្រូវខិតខំធ្វើកំណែទម្រង់តាមបទដ្ឋានគតិយុត្តិ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាអនុវត្ត រួមគ្នាទទួលខុសត្រូវចំពោះ ជាតិរបស់យើងទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
សម្រាប់ខ្ញុំការទទួលភារកិច្ច មិនមែនជាការបំពាក់ឋានន្តរសក្កិ ឬមានសិទ្ធិនោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចនិងការទទួលខុសត្រូវនៅក្នុងការអនុវត្តបទបញ្ជានិងសម្រេចបាននូវចក្ខុវិស័យរបស់ថ្នាក់ដឹកនាំជាតិ របស់ក្រសួងការពារជាតិ។ ហើយខ្ញុំយល់ថាកងទ័ពគ្រប់ជំនាន់មានសុទិដ្ឋិនិយមផ្អែកលើស្មារតីជាតិនិយម ទ័ពខ្មែរគឺដើម្បីខ្មែរ។ យើងមានកាប្តេជ្ញាចិត្ត និងគោលការណ៍បែបនេះ គ្មាននរណាធ្វើខ្មែរយើងបែកនោះទេ៕