(ភ្នំពេញ)៖ នៅសប្តាហ៍ទី១ ខែកញ្ញានេះ យ៉ាចណាស់មានរោងចក្រថ្មីៗចំនួន៣ ទទួលបានការអនុម័តពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីបើកដំណើរការនៅកម្ពុជា ដែលសរុបទុនវិនិយោគជាង៣០០លានដុល្លារ។
CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ ក្រុមហ៊ុន SAISITE PACKAGING (CAMBODIA) CO.,LTD: គម្រោងបង្កើតរោងចក្រផលិតកេសកាតុង មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៣កន្លែង។
២៖ ក្រុមហ៊ុន TGH (CAMBODIA) INDUSTRIAL CO.,LTD:គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម ឧបករណ៍ដឹកជញ្ជូន និងឧបករណ៍ប្រើប្រាស់ធ្វើអំពីលោហៈធាតុ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៧៨កន្លែង។
៣៖ ក្រុមហ៊ុន MI NER VA INVESTMENT CO.,LTD គម្រោងបង្កើតរោងចក្រកែច្នៃ និងកំទេចចោលសំណល់ក្នុងស្រុក (រថយន្ត បរិក្ខារអគ្គិសនី បរិក្ខារអេឡិចត្រូនិក សំណល់ឧស្សាហកម្ម និងលោហៈធាតុផ្សេងៗ) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣០០,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៥៤៥កន្លែង៕