(ភ្នំពេញ)៖ លោក Keisuke Honda អ្នកចាត់ការទូទៅ និងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា បានពោរពាក្យមួយឃ្លា ធ្វើឲ្យអ្នកគាំទ្រកម្ពុជាកាន់តែមានជំនឿចិត្តថែមទៀត មុនក្រុមគោព្រៃកម្ពុជា បើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងជំនួបមិត្តភាពអន្ដរជាតិ នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ស្អែកនេះ, ដោយលោកនិយាយថា «បើខ្ញុំមិនមានជំនឿចិត្តលើខ្លួនឯងទេ ខ្ញុំមិនទទួលយកការងារនេះឡើយ»។
អតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ បានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតមិត្តភាពអន្ដរជាតិរវាងកម្ពុជា និងម៉ាឡេស៊ី នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែកញ្ញានេះ ។ ការលើកឡើងនេះ លោកចង់បញ្ជាក់ពីការប្ដេជ្ញាចិត្ត និងការត្រៀមខ្លួនជាស្រេច ដើម្បីអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជា និងទទួលយកគ្រប់បែបយ៉ាងក្នុងអំឡុងពេលលោកធ្វើជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ។ ប៉ុន្ដែទន្ទឹមជាមួយគ្នាលោកក៏បានស្នើឲ្យអ្នកគាំទ្រមានការអត់ធ្មត់ និងកុំផ្ដោតលើលទ្ធផលពេកផងដែរ ។
លោក Honda បន្ថែមថា «ខ្ញុំគិតថា ការដឹកនាំក្រុមជម្រើសជាតិកម្ពុជានេះ មិនមែនជារឿងងាយស្រួលទេ គឺប្រឈមដោយបញ្ហាច្រើន ហើយខ្ញុំក៏ដឹងថា ត្រូវធ្វើបែបណាដែរ ។ ប៉ុន្ដែយ៉ាងណាខ្ញុំសូមទាញចំណាប់អារម្មណ៍ថា ក្នុងរយៈពេល ២ឆ្នាំនេះ ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជា តែខ្ញុំក៏សូមផងដែរថា សូមកុំផ្ដោតតែលើលទ្ធផលភ្លាមៗ ព្រោះអ្វីៗនៃការងារបាល់ទាត់នេះ គឺកើតចេញពីការសន្សំម្ដងបន្ដិចៗ ដើម្បីចេញជាលទ្ធផល មិនមែនជាធ្វើមួយថ្ងៃពីរថ្ងៃ ឬមួយឆ្នាំពីរឆ្នាំបានលទ្ធផលទេ» ។
សូមរំឭកថា កាលពីពេលថ្មីៗ អំឡុងពេលលោកបើកយុទ្ធនាការដឹកនាំការហ្វឹកហាត់ក្រុមជម្រើសជាតិកម្ពុជាថ្ងៃដំបូង លោក Honda ធ្លាប់ពោរពាក្យមួយឃ្លាធ្វើឲ្យអ្នកគាំទ្រកម្ពុជារំភើបម្ដងរួចមហើយ លោកថា «ខ្ញុំជឿថា វត្តមានខ្ញុំនឹងធ្វើឲ្យប្រជាជនកម្ពុជាសប្បាយចិត្ត ក្នុងនាមខ្ញុំជាគ្រូបង្វឹក» ។ ប៉ុន្ដែយ៉ាងណាលោកក៏បានផ្ដាំផ្ញើដល់កូនក្រុមខ្លួនផងដែរថា «អ្វីដែលខ្ញុំបានផ្ដាំផ្ញើដល់កីឡាករ គឺពេលយើងជួបលទ្ធផលមិនល្អ យើងត្រូវតែបង្កើនការខិតខំប្រឹងប្រែង ហើយអ្វីដែលសំខាន់ គឺការងារជាក្រុម ដើម្បីទទួលបានលទ្ធផលល្អថ្ងៃក្រោយ» ។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមម៉ាឡេស៊ី ក្នុងជំនួមិត្តភាពស្អែកនេះ ហើយក៏ជាប្រកួតដំបូង ដែលលោក Keisuke Honda ដឹកនាំផងដែរ ដើម្បីធ្វើការវាស់ស្ទង់សមត្ថភាពកីឡាករ ក្នុងគោលដៅត្រៀមការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 នាពេលចុងឆ្នាំនេះ ៕