(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ត្រាន ថាន់ទុង អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ បានបញ្ជាក់ថា ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យជោរៃភ្នំពេញ រួមនឹងក្រុមគ្រូពេទ្យជំនាញក្នុង និងក្រៅប្រទេស កំពុងពង្រឹង និងគិតគូរបន្ថែមទៀត ទៅលើបញ្ហាតម្លៃសម្រាប់អ្នកជំងឺដែលមានជីវភាពក្រីក្រ និងមធ្យម ជាងនេះទៅទៀតគឺពង្រឹងសមត្ថភាពព្យាបាល និងសេវាកម្មឲ្យកាន់តែល្អជាងនេះ។
លោកថ្លែងបញ្ជាក់បែបនេះ នៅក្នុងកម្មវិធីកិច្ចប្រជុំវាយតម្លៃការងារ៥ឆ្នាំស្ដីពី «ការគាំទ្របច្ចេកទេស សុខាភិបាល របស់មន្ទីពេទ្យជោរៃវៀតណាម ដល់មន្ទីរពេទ្យជោរៃភ្នំពេញ» នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការចូលរួមពី លោក ទ្រឹង មិងទ្រឹង អនុប្រធានមន្ទីរពេទ្យជោរ៉ៃហូជីមិញ និងជាប្រធានសមាគមជំងឺត្រចៀក ច្រមុះ និងបំពង់ក នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រ ក្រុងហូជីមិញ លោកវេជ្ជបណ្ឌិត ត្រាន ថាន់ទុង អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ រួមនឹងថ្នាក់ដឹកនាំជាច្រើននាក់ទៀត។
លោកវេជ្ជបណ្ឌិត ត្រាន ថាន់ទុង លើកឡើងថា «មន្ទីរជោរៃភ្នំពេញ នាពេលសព្វថ្ងៃកំពុងគិតគូយ៉ាងខ្លាំង និងពង្រឹងបន្ថែមទៀតទៅលើសេវា និងជាពិសេសតម្លៃសមរម្យជាមួយនឹងប្រជាជនដែលមានជីវភាពក្រីក្រ និងមធ្យម»។
លោកវេជ្ជបណ្ឌិតជំនាញរូបនោះបានបន្ថែមថា ក្រៅពីការគិតគូទៅលើបញ្ហាតម្លៃសម្រាប់អ្នកជំងឺ ដែលមកពិនិត្យ និងសម្រាកព្យាបាលនៅមន្ទីរជោរៃភ្នំពេញ ពួកគាត់នឹងពង្រឹងបន្ថែមទៀតទៅលើសមត្ថភាពរបស់ក្រុមគ្រូពេទ្យ រួមនិងវេជ្ជបណ្ឌិត ទៅលើការព្យាបាលរបស់អ្នកជំងឺ ហើយការពង្រឹងសមត្ថភាពនេះ គឺធ្វើការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ជាមួយនឹងមន្ទីរពេទ្យជោរៃហូជីមិញ ដោយផ្តោតសំខាន់លើវគ្គបំប៉ននានា។
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត ត្រាន ថាន់ទុង បានឲ្យដឹងទៀតថា រយៈពេលជាង៥ឆ្នាំកន្លងមកនេះ ចំនួនអ្នកជំងឺដែលបានមកទទួលសេវាព្យាបាល ពីមន្ទីរពេទ្យទាំងមកពិនិត្យធម្មតា និងមកសម្រាកវះកាត់ មួយឆ្នាំៗ មានការកើនឡើងគួរឲ្យកត់សម្គាល់។ ជាក់ស្តែងក្នុងមួយថ្ងៃ អ្នកជំងឺបានមកទទួលសេវា តិចបំផុតពី៣០០នាក់ ទៅ៤០០នាក់ ក្នុងមួយថ្ងៃៗ ចំណែកឯអ្នកជំងឺសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យតែម្តង ដែលមានដូចជា ការវះកាត់ និងជំងឺធ្ងន់ធ្ងរនោះ តិចបំផុតពី៨០ទៅ១០០នាក់។
សូមជម្រាបជូនថា មន្ទីរពេទ្យពេទ្យជោរៃភ្នំពេញ ត្រូវបានមហាជនជាច្រើនទទួលស្គាល់ថា តែងតែបង្កើតឡើងនូវកម្មវីធីសប្បុរសធម៌នានា ដោយពិនិត្យ និងព្យាបានជូនប្រជាពលរដ្ឋគ្រប់វណ្ណៈ ដោយមិនគិតថ្លៃ ដែលប្រព្រឹត្តទៅរៀងរាល់៣ដង ក្នុងមួយខែ សម្រាប់អ្នកជំងឺ៥០នាក់ដំបូង ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ និងលើកកម្ពស់មួយ លើវិស័យសុខាភិបាលនៅកម្ពុជា៕