(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យដឹងថា បេក្ខជនប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប នៅឆ្នាំ២០១៨នេះ ជាប់សរុប ៧៥,០៥៩នាក់ ស្មើនឹង ៦៦.២១%។ បើតាមក្រសួងអប់រំចំនួននេះច្រើនជាងឆ្នាំ២០១៧ ដែលមានតែ៦៣.៨៤%។
ក្រសួងបានឲ្យដឹងដែរថា បេក្ខជន និទ្ទេស A ២៩០នាក់, បេក្ខជន និទ្ទេស B ១,៥៣២នាក់, បេក្ខជន និទ្ទេស C ៤,៦៣១នាក់, បេក្ខជន និទ្ទេស D ១៣,៩៩៩នាក់ និងបេក្ខជននិទ្ទេស E ៥៤,៦០៧នាក់។
ក្រសួងបានបញ្ជាក់ដែរថា បេក្ខជនចំនូន១៧នាក់ត្រូវបានកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិដោយបានប្រព្រឹត្តខុសឆ្គង ផ្ទុយនឹងបទបញ្ញត្តិ និងកម្រិតវិន័យ។
សូមបញ្ជាក់ថា ការប្រឡងសម្រាប់ឆ្នាំសិក្សា២០១៨នេះ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុបចំនួន ១១៥,២៦៨នាក់ ស្រី៥៨,១៥៨នាក់។ លទ្ធផលប្រលងសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងប្រកាសនៅរសៀលថ្ងៃនេះ រីឯបណ្តាខេត្តនានា នឹងប្រកាសនៅថ្ងៃស្អែក៕