(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការរងយោធភូមិភាគពិសេស មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង តំណាងនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បាននាំថវិកាបេឡាមរណៈសង្គ្រោះរបស់សម្ដេចតេជោ ចំនួន៤លានរៀល ប្រគល់ជូនគ្រួសារ នៃសពអតីតយុទ្ធជនពិការដែលបានទទួលមរណភាព ស្ថិតនៅភូមិកោះឬស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
នៅក្នុងឱកាសនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកវរសេនីយ៍ឯក ឃូ សុផាន់ មេបញ្ជាការរង លោកអភិបាលស្រុកកំពង់លែង និងក្រុមការងារ ស.អ.ក ខេត្ត មន្រ្តីយោធាខេត្ត កម្លាំងនគរបាលស្រុក កងរាជអាវុធហត្ថស្រុក អាជ្ញាធរមូលដ្ឋានស្រុក-ឃុំ-ភូមិ បាននាំយកថវិកាបេឡាមរណៈសង្រ្គោះ ចំនួន៤,០០០,០០០រៀល រួមជាមួយថវិការបស់លោក ត្រាំ អ៊ីវតឹក សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ឆ្នាំង ចំនួន២០០,០០០រៀល និងថវិកាលោកអភិបាលស្រុកកំពង់លែងចំនួន១០០,០០០រៀល ត្រូវបានប្រគល់ជូនគ្រួសារ នៃសពអតីតយុទ្ធជនឈ្មោះ គឹម សារឿន ត្រូវជាប្រពន្ធ ឈ្មោះ សេក ហឿន (យោធិនពិការ) ដែលទទួលមរណភាព កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨។
ក្នុងពិធីនេះដែរលោកឧត្តមសេនីយ៍ទោ ធន ធឿន ក៏បាននាំយកនូវសាររំលែកទុក្ខ និងដែងនូវការសោកស្តាយយ៉ាងពន់ពេក ដែលបាត់បង់នូវសមាជិកអតីតយុទ្ធជន ដែលធ្លាប់តស៊ូរំដោះប្រជាជន និង រំដោះទឹកដីនាពេលកន្លងមក។ ជាមួយគ្នានេះដែរ លោកក៏បានពន្យល់ពីគោលរបបរបស់សមាគម និងផលប្រយោជន៍មួយចំនួនដែលគ្រួសារសពត្រូវទទួលបាន ក្រោយពីសមាជិកអតីតយុទ្ធជន បានទទួលមរណៈកាលទៅ។
ទទ្ទឹមនឹងនេះ ក្រុមគ្រួសារនៃសព ក៏បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនគ្រប់ទីកន្លែង និងគ្រប់ពេលវេលាសូមសម្តេចតេជោ ទទួលបាននូវជោគជ័យគ្រប់ភារកិច្ចទាំងអស់ និងបន្តដឹកនាំប្រទេសជាតិកាន់តែរីកចម្រើនបន្តទៀត៕