(កណ្តាល)៖ កម្លាំងចម្រុះរបស់ខេត្តកណ្តាលដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចឃ្លុមបេរថយន្ត៣គ្រឿង ដើម្បីពិនិត្យមើលទំនិញ ដែលឈ្មួញនាំចូលពីប្រទេសវៀតណាម តាមច្រករបៀង តាមទូក កាណូត មករើដាក់រថយន្តនៅចំណុចភូមិព្រែកសំរោង ឃុំសំពៅពូន ស្រុកកោះធំ ដើម្បីដឹកបន្តមកចែកចាយលើទីផ្សារ ក្នុងប្រទេសកម្ពុជា ក្នុងនោះមន្ត្រីជំនាញបានពិនិត្យរកឃើញនំកញ្ចប់ក្លែងក្លាយ៥១កេស និងចាហួយសង្ស័យមានសារធាតុគីមីក្នុងកំរិតខ្ពស់ជាង១០០កេស រួមទាំងនំកញ្ចប់ផ្សេងទៀតដែល កម្លាំងកំពុងពិនិត្យត្រៀមបញ្ជូនទៅឡាបូផងដែរ។
លោក ឯក ស៊ុនរស្មី បានសំណូមពរដល់កម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវត្រួតពិនិត្យមុខទំនិញទាំងអស់ ហើយបើទំនិញណាមានការពាក់ព័ន្ធ ត្រូវរឹបអូសរួចយកទៅបំផ្លាញចោលជាបន្ទាន់ មិនអនុញ្ញាតឲ្យយកទៅកាន់ទីផ្សារឡើយ តែបើសិនជាទំនិញណាមានគុណភាពត្រឹមត្រូវ ត្រូវប្រគល់ទៅឲ្យម្ចាស់វិញ យកទៅលក់ដើម្បីកុំឲ្យប៉ះពាល់ដល់របរពួកគាត់ ព្រោះបើយើងធ្វេសប្រហែសគេអាចប្តឹងយើងបាន ធ្វើឲ្យខូចខាតទំនិញគេ។
លោកបានបន្តថា ។
លោកបានបន្តទៀតថា បើតាមការពិនិត្យកន្លែងស្តុកទំនិញ គាត់នៅជ្រៃធំ គឺមានម៉ាស៊ីនអូសទំនិញឡើងច្រាំង និងម៉ាស៊ីនទម្លាក់ទំនិញ រថយន្តដឹកជញ្ជូនរាប់គ្រឿង ដូច្នេះមិនមែនជាអ្នករកស៊ីតូចតាចដូចពាក្យគេថានោះទេ។ នំទាំង៣រថយន្តនេះ អាចចែកចាយបាន១ចំហៀងខេត្តកណ្តាល។
អ្នកស្រីស្រ៊ន ចន្ធី អាយុ៤៤ឆ្នាំ មានទីលំនៅភូមិខ្ពប ឃុំសំពោពូន ស្រុកកោះធំ បាននិយាយថា អ្នកស្រីជាអាជីវករ មិនបានដឹងថា នំទាំងនេះមានផលប៉ះពាល់ដល់សុខភាព អ្នកបរិភោគធ្ងន់ធ្ងរបែបនេះទេ ប្រសិនបើអ្នកស្រីដឹង ទោះបីចំណេញច្រើនយ៉ាងណាក៏មិនទទួលដែរ។
អ្នកស្រីបានបន្តថា «ទំនិញទាំងនេះអ្នកយកទៅចែកចាយតាមទីផ្សារនានា ក្នុងប្រទេសកម្ពុជា ដូចជា៖ ឧត្តរមានជ័យ បន្ទាយមានជ័យ កណ្តាល និងខេត្តផ្សេងទៀត ទៅតាមគេកាម្មង់ ការនាំចូលមកកាន់ប្រទេសកម្ពុជា ពីប្រទេសវៀតណាមមកនោះ គឺមិនមែននាំចូលត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ គឺមានជនជាតិខ្មែរ ដឹកតាមទូក ឬកាណូតតាមផ្លូវទឹក លួចមករើនៅចំណុចខាងលើលើកដាក់រថយន្តតែម្តង»។
លោក លី សុជាតិ តំណាងឲ្យលោក ឈឿន សុចិត្ត ស្នងការងទទួលបន្ទុកបង្ក្រាបបទល្មើសសេដ្ឋកិច្ច ដែលកំពុងដឹកនាំកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល បាននិយាយថា ការដែលយើងដឹកនាំកម្លាំងចុះទៅសហការរហូតឈានទៅបង្ក្រាបបាននេះ គឺដោយសារតែមានពាក្យបណ្តឹងពីក្រុមហ៊ុន ជីពម៉ុង ម្ចាស់នំហានណាមិ នំនាំចូលផ្តាច់មុខពីប្រទេសថៃ។
លោកថា ឈ្មួញទាំងនេះនាំនំហាណាមិក្លែងក្លាយពីប្រទេសវៀតណាម ធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុន ទើបកម្លាំងចុះទៅបង្ក្រាបបានជាក់ស្តែង មិនតែប៉ុណ្ណោះសមត្ថកិច្ចបានរកឃើញចាហួយ ដែលផ្ទុកដោយសាធារគីមីកំរិតហាមឃាត់ខ្ពស់មួយចំនួនទៀត និងបានឃាត់រថយន្ត៣គ្រឿងផងដែរ។
លោក លាត លី ផ្នែកលក់នៅក្រុមហ៊ុនជីពម៉ុង បានពន្យល់ដល់អ្នកយកព័ត៌មាន និងផ្តាំដល់បងប្អូនជាមេផ្ទះ ដែលទៅទិញទំនិញទាំងពីទីផ្សារ ដើម្បីទុកសម្រាប់វេចខ្ចប់ឲ្យកូនតូចៗ ទៅសាលារៀន ឬបរិភោគនៅផ្ទះ នំពិតប្រាកដមានត្រាហាណាម៉ិ សម្រាប់សម្គាល់តែនំក្លែងក្លាយវិញគឺអតមានត្រាហាណាម៉ិទេ។ ចំពោះការបរិភោគនំក្លែងក្លាយធ្វើឲ្យប៉ះពាល់ដល់សុខភាពកុមារ ទៅជារលាកក រលាកពោះវៀនជាដើម។
មន្ត្រីកាំកុងត្រូល បានប្រាប់អ្នកយកព័ត៌មានថា «ផលិផលក្លែងក្លាយដែលយើងធ្វើការត្រួតពិនិត្យឃើញនាពេលនេះមាន នំកញ្ចប់ហាណាម៉ិ គឺត្រូវរឹបទាំងស្រុង និងមានគ្រឿងកំប៉ុងជាភេសជ្ជៈ ចាហួយកញ្ចប់ជាថង់ និងជ័ររ៉ឹងជាច្រើនផងដែរ ហើយចាហួយនេះ បើតាមធ្លាប់យកទៅចូលឡាបូ គឺមានសារធាតុគីមីខ្ពស់បំផុត អាចបំផ្លាញជីវិតអ្នកបរិភោគបាន ដូច្នេះបងប្អូនបើគួរចៀសវៀង បានកុំឲ្យកូនៗរបស់លោកអ្នកពិសារអីចៀសវៀងគ្រោះថ្នាក់ជាយថាហេតុ ព្រោះថ្មីនេះដូចជានៅខេត្តមណ្ឌលគីរី មានករណីពុលចាហួយនេះ ប៉ុន្តែលោកមិនទាន់ច្បាស់ទេ កំពុងធ្វើការស្រាវជ្រាវបន្ថែម តែទោះបីយ៉ាងណា ត្រូវតែប្រុងប្រយ័ត្នជាមុនប្រសើជាង»។
មន្ត្រីដដែលបានបន្តថា ទំនិញដែលខាងជំនាញលោកយកទៅចូលឡាបូ ប្រសិនជាពិនិត្យទៅមិនឃើញមានសារធាតុគីមី នោះនិងប្រគល់ទៅម្ចាស់វិញ តែបើពិនិត្យទៅឃើញថា មានសារធាតុគីមីខ្ពស់ ត្រូវរឹបអូសយកទៅកំទេចចោលទាំងស្រុង ចំណែកម្ចាស់ត្រូវចាត់ការទៅតាមផ្លូវច្បាប់៕