(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្រ្តៃយ៍ នៃគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមយុវជន គណបក្សប្រជាជនកម្ពុជា នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានយុវជនចូលរួម៨៥០នាក់។
ថ្លែងក្នុងឱកាសនោះ លោកស្រីក៏បានពាំនាំនូវការសាកសួរសុខទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធី ហើយក៏បានកោតសសើរ និងថ្លែងអំណរគុណដល់ក្មួយៗ ជាក្រុមយុវជនសកម្មជនបក្ស ដែលបានចុះឃោសនារកសម្លេងឆ្នោត និងនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹភ្លូកដី ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈដ៏ច្រើនលើសលប់ក្នុង អាណត្តិទី៦នេះ រហូត១២៥អាសនៈ។
លោកស្រីបានបញ្ជាក់ថា ជ័យជំនះទាំងនេះកើតចេញអំពីទី១៖ ការចូលរួមរបស់បងប្អូនទាំងអស់គ្នា, ទី២៖ គណបក្ស ប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់១១ចំណុច ដែលបានបម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋតាមរយៈ អភិក្រម មនុស្ស ផ្លូវ ទឹក ភ្លើង ជាដើម ។ល។ ទី៣៖ អំពើល្អ និងប្រជាប្រិយភាពរបស់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ទាំងក្នុងឆាកជាតិ និងឆាកអន្តរជាតិ ។
លោកស្រីបានបន្តទៀតថា អាណត្តិទី៦នេះ យើងត្រូវរួមគ្នាអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀតព្រមទាំង ទាក់ទាញអ្នកវិនិយោគ បង្កើតជារោងចក្រ សហគ្រាសជាច្រើនទៀតឱ្យមករកស៊ីនៅខេត្តខេត្តស្វាយរៀង ដើម្បីឱ្យប្រជាពលរដ្ឋមានការងារ ធ្វើកាត់បន្ថយភាពក្រីក្រ បង្កើនជីវភាពបានមួយកំរិតបន្ថែមទៀត។
លោកស្រីបានបញ្ជាក់ថា យុវជនពិតជាមានតួនាទីសំខាន់ណាស់ក្នុងការកំណត់ជោគវាសនាប្រទេសជាតិ ដូច្នេះក្មួយៗ យុវជនទាំងអស់ ត្រូវខិតខំរៀនសូត្រ និងរួមគ្នាថែរក្សាសុខសន្តិភាពឱ្យស្ថិតស្ថេរជានិរន្ត ដើម្បីប្រទេសជាតិយើងមានការអភិវឌ្ឍជាបន្តបន្ទាប់ទៀត។
លោកស្រីក៏បានសូមសំណូមពរឲ្យអាជ្ញាធរក៏ដូចជាកម្លាំងសមត្ថកិច្ចទាំងអស់នៅស្រុកស្វាយជ្រំត្រូវរួមគ្នាធ្វើអំពើល្អ និងត្រូវបម្រើសេវាសាធារណៈ ឱ្យបានល្អ និងត្រូវយកចិត្តទុកដាក់ថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ រក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គមនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឱ្យបាននូវបងតូច បងធំ និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋានក្នុងនោះត្រូវអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យទទួលបានជោគជ័យ៕