(ភ្នំពេញ)៖ នៅក្នុងសង្គមបច្ចុប្បន្ន បញ្ហាចម្រូសចម្រាសនៅក្នុងទំនាក់ទំនងប្តីប្រពន្ធ អំពីការគ្រប់គ្រង ប្រើប្រាស់ ចាត់ចែង និងបែងចែកទ្រព្យសម្បត្តិអាចនាំទៅរកវិវាទ ទាំងនៅក្នុងពេល ជាប់ចំណងអាពាហ៍ពិពាហ៍ ក៏ដូចជានៅពេលលែងលះ។ ដើម្បីបង្កា និងដោះស្រាយវិវាទទាំងនេះ ក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា បានចែងអំពីប្រព័ន្ធ គ្រប់គ្រងទ្រព្យសម្បត្តិប្តីប្រពន្ធ។ ប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិប្តីប្រពន្ធជាមូលដ្ឋានរួមមាន៖ «ប្រព័ន្ធទ្រព្យដោយឡែក» គឺជាប្រព័ន្ធដែលមិនធ្វើឲ្យមានផលប៉ះពាល់ដល់ទំនាក់ទំនង ទ្រព្យសម្បត្តិរបស់ប្តីប្រពន្ធទេ ទោះបីជាបានរៀបអាពាហ៍ពិពាហ៍ក៏ដោយ និង«ប្រព័ន្ធទ្រព្យរួម» គឺជាប្រព័ន្ធដែលនឹងមានផលប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិរបស់ប្តីប្រពន្ធ នៅក្រោយពេលរៀបអាពាហ៍ពិពាហ៍ ហើយទ្រព្យទាំងនោះ ត្រូវក្លាយជាទ្រព្យរួម។
ដូច្នេះកម្មវីធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិសូមលើកយកប្រធានបទស្តីពី “ទ្រព្យរួម និងទ្រព្យដោយឡែករបស់ប្តីប្រពន្ធ” មកធ្វើការចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ សិស្សនិសិ្សតដូចតទៅ៖
តើទ្រព្យសម្បត្តិណាខ្លះ ត្រូវចាត់ទុកជាទ្រព្យសម្បត្តិរួម ហើយទ្រព្យសម្បត្តិណាខ្លះត្រូវចាត់ទុកជាទ្រព្យដោយឡែក?
១៖ ទ្រព្យសម្បត្តិដោយឡែក
ទ្រព្យសម្បត្តិដោយឡែក គឺជាទ្រព្យសម្បត្តិដែលស្ថិតនៅក្រោមកម្មសិទ្ធិរបស់សហព័ទ្ធ (ប្តី ឬ ប្រពន្ធ)ណាម្នាក់ ដូចខាងក្រោម៖
ក. ទ្រព្យសម្បត្តិដែលប្តី ឬប្រពន្ធមាននៅមុនពេលរៀបអាពាហ៍ពិពាហ៍ មានន័យថាភាគីប្តី ឬប្រពន្ធមានទ្រព្យនោះ នៅមុនពេលរៀបអាពាហ៍ពិពាហ៍ ទោះបីក្រោយរៀប អាពាហ៍ពិពាហ៍ក៏ដោយ ក៏គេចាត់ទុកថា ទ្រព្យនោះ ជាទ្រព្យដោយឡែករបស់ប្តី ឬប្រពន្ធនោះដដែល។
ឧទាហរណ៍៖ ប្តីមានផ្ទះមួយល្វែងមុនពេលរៀបអាពាហ៍ពិពាហ៍ ទោះក្រោយរៀបអាពាហ៍ពិពាហ៍ ក៏ផ្ទះនោះ នៅតែជាទ្រព្យរបស់ប្តីដដែល គឺមិនអាចរាប់ជាទ្រព្យរួមនោះទេ។
ខ. ទ្រព្យសម្បត្តិដែលប្តីឬប្រពន្ធទទួលបានដោយប្រទានកម្ម សន្តតិកម្ម ឬអច្ច័យទាន នៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ។ ក្នុងករណីប្រសិនបើម្ចាស់អំណោយទ្រព្យអោយទៅប្តី ឬប្រពន្ធនោះមានន័យថា អំណោយនោះនឹងក្លាយទៅជាទ្រព្យដោយឡែករបស់ប្តី ឬប្រពន្ធនោះ។ លើកលែងតែម្ចាស់អំណោយបានបញ្ជាក់ថាឱ្យទាំងប្តី និងប្រពន្ធ ទើបទ្រព្យនោះក្លាយទៅជាទ្រព្យរួមរបស់ប្តី និប្រពន្ធ ។
ឧទាហរណ៍៖ ឪពុករបស់លោក “ក” បានប្រគល់ផ្ទះមួយល្វែងឱ្យគាត់នៅក្នុងពេលចំណងអាពាហ៍ពិពាហ៍។ នោះ គេចាត់ទុកថាផ្ទះនោះជាទ្រព្យដោយឡែករបស់លោក “ក” ទោះបីជាទ្រព្យនោះបានមកក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ក៏ដោយ។
គ. ទ្រព្យសម្បត្តិជាតម្លៃតបទាក់ទងនឹងការចាត់ចែងទ្រព្យដោយឡែក គេចាត់ទុកថាជាទ្រព្យដោយឡែក។
ឧទាហរណ៍៖ ប្តីមានផ្ទះមួយខ្នងដែលជាទ្រព្យដោយឡែករបស់ខ្លួន ក្រោយមកនៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ប្តីបានលក់ផ្ទះនោះក្នុងតម្លៃ៥ម៉ឺនដុល្លារ ដូច្នេះប្រាក់ដែលបានមក ពីការលក់ផ្ទះនោះ ក៏គេចាត់ទុកថាជាទ្រព្យរបស់ប្តីដដែល ទោះបីជាប្តីលក់នៅក្នុងអំឡុងពេលជីវិតអាពាហ៍ពិពាហ៍ក៏ដោយ។ ម្យ៉ាងវិញទៀតប្រសិនបើប្តីយកលុយនោះទៅទិញដីហើយ លក់ទៅវិញបានប្រាក់ចំណេញបន្ថែមទៀតក៏ដោយ ក៏វានៅតែជាទ្រព្យដោយឡែករបស់ប្តីព្រោះផលចំណេញនោះកើតចេញពីតម្លៃតបនៃវត្ថុដែលជាទ្រព្យដោយឡែករបស់ប្តី ។
២៖ ទ្រព្យសម្បត្តិរួម
ទ្រព្យសម្បត្តិរួម គឺជាទ្រព្យសម្បតិ្តទាំងឡាយណា ដែលប្តីប្រពន្ធទាំងសងខាង ឬ តែម្ខាងទទួលបាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ក្នុងលក្ខណៈជាប្រាក់បៀវត្សរ៍ ឬ ប្រាក់ឈ្នួល ឬ ប្រាក់កម្រៃឬ ប្រយោជន៍នានាផ្សេងពីចំនុចទាំង ៣ ខាងលើ ។
ឧទាហរណ៍៖ ប្តីធ្វើការជាមន្ត្រីរាជការ និងទទួលបានប្រាក់បៀវត្ស១លានរៀល ក្នុងមួយខែ ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍។ ហេតុដូច្នេះហើយប្រាក់បៀវត្សរបស់ប្តី ត្រូវចាត់ទុកជាទ្រព្យសម្បត្តិរួមរបស់ប្តី និងប្រពន្ធ។ ក្នុងករណីប្រាក់ចំណូលដែលប្តីរកបានតែម្ខាង ហើយប្រពន្ធត្រឹមតែជាស្រ្តីមេផ្ទះ ធ្វើតែការងារគេហកិច្ច (ការងារក្នុងផ្ទះ) តើប្រាក់ចំណូលដែលប្តីរកបានតែម្ខាងត្រូវចាត់ទុកថាវាជាទ្រព្យរួម ឬ ទ្រព្យដោយឡែក?
ជាគោលការណ៍ច្បាប់ការងារគេហកិច្ច (ការងារនៅក្នុងផ្ទះ) ត្រូវចាត់ទុកថាមានតម្លៃស្មើនឹងការងារដែល ធ្វើនៅក្រៅផ្ទះដែរ មានន័យថា ប្តីមិនអាចបដិសេធចំពោះចំណូលដែលខ្លួនរក បានពីការងារក្រៅផ្ទះ ថាមិនមែនជាទ្រព្យរួម ឬបន្ថយសិទ្ធិរបស់ប្រពន្ធលើចំណូលរបស់ខ្លួន ដោយសំអាងថាប្រពន្ធរបស់ខ្លួនធ្វើតែការងារផ្ទះ មើលថែទាំកូន ដាំស្ល បោកគក់...ល ដោយមិនបានប្រឡូកនឹងការងារខាងក្រៅ ដែលនឿយហត់ដូចការងាររបស់ខ្លួនឡើយ។
ចំពោះប្រាក់ឈ្នួលដែលបានមកពីការជួលផ្ទះ ដែលជាទ្រព្យរបស់ប្តី ឬ ប្រពន្ធមានមុនពេលរៀបអាពាហ៍ពិពាហ៍ តើយើងអាចចាត់ទុកថាជាទ្រព្យរួម ឬ ជាទ្រព្យដោយឡែក?
ដូចនឹងឧទាហរណ៍ខាងលើ ដែលប្តីធ្វើការជាមន្ត្រីរាជការ និងទទួលបានប្រាក់បៀវត្ស ១លានរៀល ក្នុងមួយខែ ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍។ ហេតុដូច្នេះហើយប្រាក់បៀវត្សរបស់ប្តី ត្រូវចាត់ទុកជាទ្រព្យសម្បត្តិរួមរបស់ប្តី និងប្រពន្ធ។ ស្របពេលគ្នានោះដែរ ប្តីក៏មានផ្ទះមួយល្វែងដែលជាទ្រព្យដោយឡែករបស់ខ្លួន ហើយប្តីបានដាក់ផ្ទះនោះជួលដើម្បីបាន ថ្លៃឈ្នួលប្រចាំខែ។ ដូច្នេះថ្លៃឈ្នួលប្រចាំខែ ដែលបានមកពីការជួលផ្ទះនោះ គេចាត់ទុកថាជាទ្រព្យរួមរបស់ប្តី និងប្រពន្ធ។
ក្នុងករណីបំណុលរួមប្តីប្រពន្ធត្រូវតែទទួលខុសត្រូវរួមគ្នា ទោះបីជាបំណុលនោះប្តីប្រពន្ធទាំងពីរជាអ្នកខ្ចីរួមគ្នា ឬក៏សហព័ទ្ធណាម្នាក់ជាអ្នកខ្ចីឱ្យតែមានការ ព្រមព្រៀងជាលាយល័ក្ខណ៍អក្សរពីសហព័ទ្ធម្នាក់ទៀត។ ប៉ុន្តែបើទោះបីជាគ្មានការព្រមព្រៀងជាលាយល័ក្ខណ៍អក្សរពីសហព័ទ្ធម្ខាងទៀតក៏ដោយ ក៏អាចចាត់ទុកថាជាបំណុលរួមបានផងដែរ ប្រសិនបើបំណុលនោះស្ថិតក្រោមរូបភាពជាបំណុលដែលជាប់ពាក់ព័ន្ធនឹងការរក្សាជីវភាពរួមរបស់ប្តីប្រពន្ធ ការអប់រំ ការថែទាំ និងព្យាបាលកូន, បំណុលដែលជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រង និងរក្សាទ្រព្យសម្បត្តិរួម៕
រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី អនុប្រធានក្រុមមេធាវី និងកញ្ញា សាំង សុភាព សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ