(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចាត់ទុកការរិះគន់ លើការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលអនុញ្ញាតឱ្យគណបក្សនយោបាយ គ្មានអាសនៈនៅក្នុងរដ្ឋសភាចូលរួមបម្រើជាតិនោះថា ជាអ្នកចាំតែថា ចាំតែរិះគន់ប៉ុណ្ណោះ ដែលទោះបីជារាជរដ្ឋាភិបាលធ្វើអ្វីក៏ពួកគេចាំតែប្រឆាំងដែរ។
តាមរយៈបណ្តាញ Telegram នៅថ្ងៃនេះ លោក សុខ ឥសាន បានលើកឡើងថា «នៅក្នុងសង្គមកម្ពុជា ឲ្យតែតាំងចិត្តជាអ្នកប្រឆាំងហើយ ទោះរាជរដ្ឋាភិបាលធ្វើអ្វី ក៏មិនចេះត្រូវចិត្តដែរ ធ្វេីស្តាំគេថាឆ្វេងទើបត្រូវ តែបើធ្វើឆ្វេង គេបែរជាថាធ្វើស្តាំទើបបានត្រូវវិញ។ ហេតុនេះហើយបានជាកើតពាក្យដំណាលលេងថា អាចារ្យតែថេះ អាចារ្យតែថាំ ជាដើម ឯអ្នកធ្វើចេះតែធ្វើ ហើយមិនចេះត្រូវចិត្តអ្នកថាឡើយ ពីព្រោះអ្នកថាវាងាយថា ឯ អ្នកធ្វើទើបពិបាកធ្វើ»។
ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពីមានអ្នកវិភាគ និងក្រុមអ្នកប្រឆាំងមួយចំនួន បានរិះគន់លើការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅក្នុងអាណត្តិថ្មីនេះថា ជារឿងធ្វើឱ្យខាតបង់ថវិការដ្ឋ។
លោក សុខ ឥសាន បានពន្យល់យ៉ាងដូច្នេះថា៖ «ដើម្បីបង្កើនបបរសិទ្ធភាពការងារ ដែលត្រូវប្រមែប្រមូលធាតុចូលឲ្យបានច្រើន ប្រមូលផ្តុំបញ្ញាញាណពីគ្រប់មជ្ឈដ្ឋាន ដើម្បីរួមសម្បាច់គ្នាកសាង និងអភិវឌ្ឈប្រទេស និងម្យ៉ាងទៀតជានយោបាយបង្រួបបង្រួមជាតិ ឯកភាពជាតុរឹងមាំ រាជរដ្ឋាភិបាលបានបើកចិត្តទូលាយ ឲ្យបណ្តាថ្នាក់ដឹកនាំគណបក្សនយោបាយដែលគ្មានអាសនៈក្នុងរដ្ឋសភា មានឱកាសចូលរួមមតិយោបល់ក្នុងកម្មវិធីនយោបាយ ការធ្វើច្បាប់នានាបម្រើសង្គម និង ជួយតាមឃ្លាំមើលរាល់សកម្មភាពបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យធានាបានលទ្ធផលល្អ
បែរជាពួកអគតិមួយចំនួននិយាយថា នាំឲ្យខ្ជះខ្ជាយថវិការដ្ឋទៅវិញ ដោយមិនគិតពីប្រសិទ្ធផលការងារឡើយ។ នេះបានហៅថា
អាចារ្យតែថេះ ឬញក៏អាចារ្យតែថាំមែន»។
សូមបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតស្ថាប័នថ្មីមួយនោះគឺ «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ដើម្បីលើកស្ទួយរបបនយោបាយ ប្រជាធិបតេយ្យ សេរីពហុបក្ស ក៏ដូចជាផ្តល់ឱកាសឱ្យគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត ហើយមិនទទួលបានអាសនៈនោះ ចូលរួមបម្រើជាតិ និងប្រជាពលរដ្ឋ។
សមាសភាពនៃ «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» ត្រូវបានជ្រើសចេញពីគណបក្សនយោបាយចំនួន១៦ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ ចំនួន២រូប ដែលប្រធានគណបក្ស ហៅថាជា «ប្រធានប្រតិភូ» និងអនុប្រធាន ឬអគ្គលេខាធិការនៃគណបក្ស ហៅថា «អនុប្រធានប្រតិភូ»។
«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» គឺជាយន្ដការថ្មីមួយទៀត ដើម្បីចូលរួមឆ្លើយតបនឹងផ្ដល់ផលប្រយោជន៍ប្រជាពលរដ្ឋទាំងមូល ដែលវាមិនមែនជាផ្ដល់ ប្រយោជន៍របស់រាជរដ្ឋាភិបាលនោះឡើយ ហើយប្រធានគណបក្សនយោបាយទាំងអស់ ដែលចូលរួមកិច្ចពិគ្រោះយោបល់នោះ
ក៏បានប្រកាសគាំទ្រទាំងស្រុងចំពោះគំនិតផ្ដួចផ្តើមនេះផងដែរ៕