(ភ្នំពេញ)៖ ក្រុមវេជ្ជបណ្ឌិតរបស់ប្រទេសវៀតណាម មកពីមន្ទីរពេទ្យជោរៃទីក្រុងហូជីមិញ បានចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ជាមួយនឹងក្រុមវេជ្ជបណ្ឌិតរបស់កម្ពុជា មកពីមន្ទីរពេទ្យជោរ៉ៃភ្នំពេញ ក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងសមត្ថភាពវះកាត់ ច្រមុះ បំពង់ក ត្រចៀក» ដោយម៉ាស៊ីនឆ្លុះ «អង់ដូស្តុបពីក» ដែលនេះបង្ហាញពីភាពស៊ីចង្វាក់គ្នាមួយនៅលើវិស័យសុខាភិបាលរវាងប្រទេសទាំងពីរផងដែរ។
សិក្ខាសាលាស្តីពី «ការពង្រឹងសមត្ថភាពវះកាត់ ច្រមុះ បំពង់ក ត្រចៀក» ដោយម៉ាស៊ីនឆ្លុះ «អង់ដូស្តុបពីក» នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ដែលរៀបចំឡើងដោយ មន្ទីរពេទ្យជោរៃភ្នំពេញ ហើយមានការចូលរួមពី លោក ទ្រឹង មិងទ្រឹង អនុប្រធានមន្ទីរពេទ្យជោរ៉ៃហូជីមិញ និងជាប្រធានសមាគមជំងឺត្រចៀក ច្រមុះ និងបំពង់ក នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រ ក្រុងហូជីមិញ លោកវេជ្ជបណ្ឌិត ត្រាន ថាន់ទុង អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ រួមនឹងវេជ្ជបណ្ឌិតមកពីស្ថាប័នរដ្ឋ និងឯកជនជាច្រើននាក់ផងដែរ។
លោកវេជ្ជបណ្ឌិត ទ្រឹង មិងទ្រឹង ឯកទេសជំងឺត្រចៀក ច្រមុះ និងបំពង់ក បានបញ្ជាក់ថា «សិក្ខាសាលានេះ គឺជាការចែករំលែកបទពិសោធន៍ ពីរបៀបវះកាត់វិធីព្យាបាលដោយផ្តោតសំខាន់ លើជំងឺក្នុងច្រមុះ»។
លោកបន្តថា តាមបទពិសោធន៍កន្លងមក ការវះកាត់ច្រមុះបែបបុរាណបានបណ្តាលឲ្យគ្រោះថ្នាក់ ដែលអ្នកជំងឺអាចធ្លាយដល់ឆ្អឹងលលាក្បាល និងមួយទៀត ក្រោយវះកាត់ហើយអាចបណ្តាលឲ្យអ្នកជំងឺងងឹតភ្នែក។ ហើយការវះកាត់បែបថ្មីនេះ នឹងធ្វើឲ្យអ្នកជំងឺការចំណាយច្រើនទាំងហានិភ័យ និងពេលវេលាសម្រាកព្យាបាលផងដែរ។
ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត ត្រាន ថាន់ទុង អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ បានលើកឡើងថា «ចាប់តាំងពីការបំពាក់ម៉ាស៊ីន ដែលមានបច្ចេកវិទ្យាទំនើប កាលពីខែកកក្កដា រហូតមកដល់ពេលនេះ ប្រសិទ្ធិភាពនៃការព្យាបាលផ្នែកចម្រុះនេះ មានលទ្ធផលល្អច្រើន ហើយទទួលបានការគាំទ្រ ពីអ្នកជំងឺកាន់តែកើនឡើងជាលំដាប់ ជាពិសេសធានាបាននូវសុវត្ថិភាពខ្ពស់ ដែលផ្តល់ទំនុកចិត្តដល់អ្នកជំងឺ»។
សូមបញ្ជាក់ថា មន្ទីរពេទ្យជោរៃភ្នំពេញបានរៀបចំឡើងនូវសិក្ខាសាលាស្តីពី «ការពង្រឹងសមត្ថភាពវះកាត់ ច្រមុះ បំពង់ក ត្រចៀក» ដោយម៉ាស៊ីនឆ្លុះ «អង់ដូស្តុបពីក» ជាលើកទី១នោះទេ ហើយអគ្គនាយកនៃមន្ទីរពេទ្យ ក៏បានសន្យាថា នឹងរៀបចំសិក្ខាសាលាបែបនេះឲ្យបានច្រើនដងក្នុងមួយឆ្នាំ ដើម្បីបំពេញចំណេះដឹងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ៕