(កំពង់ធំ)៖ អង្ករចំនួន៣,០០០គីឡូក្រាម (បីតោន) មីយើងចំនួន២០០កេសបន្ថែមទៀត ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជន តាមរយៈឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ផ្ដល់ជូនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។
ដោយឃើញពីសកម្មភាពមមាញឹករបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ក្នុងការស្វែងយល់ពីសុខទុក្ខ និងតម្រូវការជីវភាពរស់នៅរបស់អតីតយុទ្ធជន និងប្រជាជនដែលមានជីវភាពលំបាក ខ្វះខាតនៅតាមបណ្ដាមូលដ្ឋាននានានៅក្នុងខេត្តកំពង់ធំ បានយ៉ាងល្អប្រសើរ និងដើម្បីបន្តបម្រើប្រជាជនឲ្យបានទ្វេដងថែមទៀត នៅក្នុងអណត្តិទី៦ នៃរាជរដ្ឋាភិបាលថ្មីនេះ តាមរយៈឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្ដេចតេជោ ហ៊ុន សែន បានបន្តឧបត្ថម្ភអង្ករចំនួន៣,០០០ គីឡូក្រាម និងមីចំនួន២០០កេសបន្ថែមទៀត ដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនខេត្ត នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានស្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា នេះគឺជាការគិតគូរយកចិត្តទុកដាក់ចំពោះកិត្តិយស និងការដឹងគុណ ចំពោះការធ្វើពលីកម្មដ៏មានតម្លៃរបស់អតីតយុទ្ធជន ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។
លោកបន្ថែមថា ក្រុមការងារសមាគមអតីតយុទ្ធកម្ពុជាខេត្តកំពង់ធំ ប្តេជ្ញាចិត្តដាច់ខាតបន្តឆ្ពោះទៅកាន់មូលដ្ឋាន ដើម្បីបម្រើប្រជាជនឲ្យបានទ្វេដងថែមទៀត ដោយមិនគិតពីការលំបាកហត់នឿយឡើយ ហើយនិងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោដែលបានយកចិត្តទុកដាក់ចំពោះ កម្រិតជីវភាព និងកិត្តិយសរបស់កងទ័ព អតីតយុទ្ធជន យុទ្ធជនពលី និងគ្រួសារកងទ័ព។
សូមបញ្ជាក់ថា ក្រុមការងារសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានយកចិត្តទុកដាក់ធ្វើសកម្មភាពការងារ សមាគមអតីតយុទ្ធជន ក្នុងខេត្តកំពង់ធំ យ៉ាងសកម្មប្រកបដោយទឹកចិត្ត និងគុណតម្លៃខ្ពស់តាមរយៈការចុះស្វែងយល់ពីសុខទុក្ខ ជីវភាពរស់នៅរបស់អតីតយុទ្ធជន ចុះជួបសំណេះសំណាល សាកសួសុខទុក្ខ និងបានប្រគល់ជូននូវគ្រឿងឧបភោគ បរិភោគ យកចិត្តទុកដាក់សម្របសម្រួលការព្យាបាល។
ជាពិសេសសមាគមបានចុះជួយកសាងផ្ទះជូនអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត បានចំនួន៩៥ផ្ទះហើយ ដែលទាំងនេះគឺជាអំណោយរបស់់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងសប្បុរសជនដទៃទៀត៕