(ភ្នំពេញ)៖ សល់ពេលត្រឹមតែពីរថ្ងៃទៀតតែប៉ុណ្ណោះ ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ប៉ះជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៨ ចាប់ពីម៉ោង ៦ ល្ងាចតទៅ។

ការប្រកួតបាល់ទាត់អន្តរជាតិមិត្តភាពឆ្នាំ ២០១៨ នេះនាំមកជូនដោយក្រុមហ៊ុនស្រាបៀរកម្ពុជា ហើយនឹងប្រព្រឹត្តទៅចំនួន៤ប្រកួត ជាមួយប្រទេសចំនួន៤ រួមមាននៅទីតាំងតែមួយ៖
*លើកទី១ជាមួយក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី
*លើកទី២ ជាមួយក្រុមបាល់ទាត់ជម្រើសជាតិទីម័រ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨
*លើកទី៣ ជាមួយក្រុមបាល់ទាត់ជម្រើសជាតិសាំងហ្គាព័រ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ។សម្រាប់ការប្រកួតចុងក្រោយ នឹងធ្វើឡើងនៅចុងខែធ្នូ ឆ្នាំ២០១៨ ។

លោក ភីតធើ អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (Khmer Beverages) បានថ្លែងថា ក្នុងនាមជាអ្នកនាំមកជូន នូវព្រឹត្តការណ៍ប្រកួតបាល់ទាត់អន្តរជាតិមិត្តភាពឆ្នាំ២០១៨ នេះ លោកសូមចូលរួមគាំទ្រពេញទំហឹង ដល់ក្រុមកីឡាករជម្រើសជាតិកម្ពុជា ដើម្បីទទួលបានជ័យជំនៈក្នុងការប្រកួតនេះ ហើយសូមយុវជនយុវវ័យដែលស្នេហាវិស័យកីឡាបាល់ទាត់ទាំងអស់ រួមគ្នាស្រែកហ៊ោជាមួយពាក្យស្លោក «កម្ពុជា ឈ្នះឈ្នះ» ដើម្បីជាការលើកទឹកចិត្តដល់កីឡាករកម្ពុជា ឲ្យប្រឹងប្រែងយកឈ្នះការប្រកួតនេះ។

លោកក៏បានថ្លែងអំណរអគុណ ដល់គ្រូបង្វឹកថ្មីរបស់ក្រុមកីឡាករជាតិកម្ពុជា គឺលោក ហុងដា អតីតកីឡាករមកប្រទេសជប៉ុន ដែលបានចំណាយពេលវេលាបង្ហាត់បង្ហាញនូវបច្ចេកទេស នៃការលេងបាល់ក្នុងរដូវការឆ្នាំ២០១៨ នេះ ហើយសង្ឃឹមថា ជាមួយបច្ចេកទេសលេងថ្មីរបស់លោក ហុង ដា រួមជាមួយការប្រឹងប្រែងរបស់កីឡាជាតិកម្ពុជា នឹងនាំមកនូវជោគជ័យក្នុងការប្រកួតនេះ។

ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water) ៕