(កណ្តាល)៖ ផ្លូវបេតុងជាច្រើនខ្សែទៀតនៅក្នុងស្រុកកោះធំ ត្រូវបានកសាងឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ តាមរយៈក្រុមការងារគណៈពង្រឹងស្រុកកោះធំ ដែលដឹកនាំដោយលោក ស៊ុន ចាន់ថុល ជាប្រធាន បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានទទួលការគាំទ្រយ៉ាងច្រើនលើសលុបក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។

នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ផ្លូវបេតុងពីរខ្សែទៀតហើយប្រវែង១,១០០ម៉ែត្រ កាត់តាមភូមិឋានរបស់ប្រជាពលរដ្ឋស្ថិតក្នុងឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានលោក ស៊ុន ចាន់ថុល រួមនឹងក្រុមការងារគណៈពង្រឹងស្រុកកោះធំ ចុះបើកការដ្ឋានសាងសង់ជូនប្រជាពលរដ្ឋ។ បើតាមក្រុមការងារថវិកាសាងសង់ផ្លូវនេះ គឺជាថវិកាផ្ទាល់របស់ក្រុមការងារគណៈពង្រឹងការងារមិនមែនជាថវិកាថ្នាក់ជាតិ ឬជាថវិកាមូលនិធិអភិវឌ្ឍន៍ឃុំនោះឡើយ។

ផ្លូវត្រូវបានគេចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់មានតួនាទីតភ្ជាប់ និងដឹកជញ្ជូនគ្រប់ផលិតផលទៅកាន់គ្រប់ច្រកល្ហកដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ សម្រាប់ផ្លូវបេតុងកាត់តាមភូមិឋានរបស់ប្រជាពលរដ្ឋក៏ដូចគ្នាផងដែរ បានដើរតួនាទីជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋទាំងការធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគាត់ និងការដឹកជញ្ជូនកសិផលផងដែរ។

ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវបេតុងថ្មី បានថ្លែងថា ភូមិឋានរបស់ពួកគាត់មិនដែលមានផ្លូវបេតុងកាត់មុខផ្ទះបែបនេះឡើយពីមុនមកជាហេតុនាំឲ្យលំបាកខ្លាំងក្នុងការធ្វើដំណើរ ជាពិសេសខែភ្លៀងធ្លាក់បែកភក់កប់ៗជើង។ ក្រោយពេលបានផ្លូវបេតុងហើយ ប្រជាពលរដ្ឋបានបង្ហាញស្នាមញញឹមញញែមរំលេចនូវភាពរីករាយគ្រប់ៗគ្នា។

ជាមួយភាពរីករាយពួកគេក៏បានកោតសរសើរក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុកកោះធំផងដែរ ដែលបានចុះធ្វើផ្លូវបេតុងភ្លាមៗដូចអ្វីបានសន្យានៅពេលចុះឃោសនារកសំឡេងឆ្នោត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា គណបក្សប្រជាជនកម្ពុជាមិនដែលសន្យាខ្យល់នោះឡើយ ពោលមុនពេលបោះឆ្នោតសន្យាធ្វើអ្វី ក្រោយពេលបោះឆ្នោតគឺធ្វើជូនប្រជាពលរដ្ឋភ្លាមៗតែម្តង។

រដ្ឋមន្ត្រីដែលមានការពេញចិត្តច្រើនពីប្រជាពលរដ្ឋតាមការរំលេចនូវស្នាដៃជាច្រើនរបស់ខ្លួនក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅចំពោះមុខប្រជាពលរដ្ឋក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងនោះ បានអះអាងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងអាណត្តិទី៦នៃរដ្ឋសភានេះ នឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍លើគ្រប់វិស័យទេ្វដង រួមទាំងការផ្តល់សេវាសាធារណៈផងដែរ ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង និងទំនើបជឿនលឿនជាងនេះថែមទៀត។

ក្រៅពីមានផ្លូវជាតិក្រាលកៅស៊ូល្អ មានស្ពានឆ្លងកាត់ទន្លេបាសាក់ជាប្រវត្តិសាស្ត្រដែលនាំឲ្យប្រជាពលរដ្ឋធ្វើដំណើរកាន់តែងាយស្រួលហើយនោះ នៅក្នុងស្រុកកោះធំគេសង្កេតឃើញថា ចូលតាមភូមិឋានរបស់ប្រជាពលរដ្ឋក្នុងឃុំនានា ផ្លូវបេតុងក៏ត្រូវបានសាងសង់យ៉ាងប្រទាក់ក្រឡាគ្នាផងដែរ ដែលជួយឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលបន្ថែមទៀត។

យោងតាមរបាយការណ៍ស្រុកកោះធំបានឲ្យដឹងថា តាមរយៈគណៈពង្រឹងការងារដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួយសាងសង់ផ្លូវបេតុងជូនប្រជាពលរដ្ឋក្នុងស្រុកកោះធំបានប្រវែងសរុបជាង ៤០គីឡូម៉ែត្រ កសាងស្ពានបេឡេបាន ២០ស្ពាន និងកសាងផ្លូវក្រាលកំទេចថ្ម និងផ្លូវដីស បានជិត ៤០គីឡូម៉ែត្រថែមទៀត។

សូមបញ្ជាក់ថា ក្រៅពីការបើកការដ្ឋានសាងសង់ផ្លូវបេតុងជូនប្រជាពលរដ្ឋហើយនោះ នៅព្រឹកមិញនេះ លោក ស៊ុន ចាន់ថុល រួមនិងក្រុមការងារក៏បានជិះកង់ចុះថ្លែងអំណរគុណប្រជាពលរដ្ឋនៅតាមឃុំមួយចំនួនក្នុងស្រុកកោះធំផងដែរ ចំពោះការគោរពស្រឡាញ់របស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ហើយបោះឆ្នោតគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី។

ក្រៅពីការថ្លែងអំណរគុណលោក ស៊ុន ចាន់ថុល ក៏មានរៀបចំអាហារសាមគ្គីខ្ចប់ស្លឹកឈូកជាមួយប្រជាពលរដ្ឋ និងបានច្រៀងចម្រៀងរាំលេងកម្សាន្តជូនប្រជាពលរដ្ឋថែមទៀតផង បង្កបរិយាកាសកាន់តែស្និទ្ធស្នាល និងនាំមកនូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោតថែមទៀតផង។

ចំពោះមុខប្រជាពលរដ្ឋ លោក ស៊ុន ចាន់ថុល និងក្រុមការងារ ក៏បានប្តេជ្ញាបន្តខិតខំកសាង អភិវឌ្ឍ និងបម្រើប្រជាពលរដ្ឋឲ្យកាន់តែខ្លាំងទ្វេដងក្នុងស្រុកកោះធំ ក្នុងនាមជាមន្ត្រីបម្រើរាស្ត្រពិតប្រាកដ ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា «មន្ត្រីគឺជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋឡើយ»។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋផ្តល់ព័ត៌មានមកក្រុមការងារ ក្នុងករណីពួកគាត់ជួបប្រទះបញ្ហាលំបាក ក្នុងការរស់នៅប្រចាំថ្ងៃ និងចូលរួមសហការឲ្យបានសស្រាក់សស្រាំក្នុងការកសាងផ្លូវបេតុង ដើម្បីឲ្យការកសាងផ្លូវនេះមានភាពរលូន និងឆាប់ហើយ៕