(ភ្នំពេញ)៖ លោក គី តិច និងលោក យក់ ចំរើនឬទ្ធិ សហប្រធានក្រុមការងារចុះជួយឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ព្រមទាំងសមាជិកក្រុមការងារទាំងអស់ ចុះជួយឃុំចំប៉ី សូមសម្តែងនូវការអបអរសាទរ ប្រកបដោយមោទនភាពជូនចំពោះលោក ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកបាទី ខេត្តតាកែវ ដែលត្រូវបានជ្រើសតាំង ជាប្រធានគណៈកម្មការទី៣ នៃរដ្ឋសភានីតិកាលទី៦។
ទាំងលោក គី តិច និងលោក យក់ ចំរើនឬទ្ធិ យល់ឃើញថា «ការជ្រើសតាំងឯកឧត្តម ជា វ៉ាន់ដេត ឱ្យទទួលនូវមុខតំណែងនេះ គឺពិតជាសក្តិសមទៅនឹងសមត្ថភាព និងការខិតខំប្រឹងប្រែង របស់ឯកឧត្តមអស់កម្លាំងកាយចិត្ត និងធនធាន ព្រមទាំងបានប្រមូលផ្តុំកម្លាំងសាមគ្គីភាពយ៉ាងរឹងមាំ សម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ និងកែប្រែមុខមាត់ស្រុកបាទី ដែលជាស្រុកធំ២ នៃខេត្តតាកែវ ពីស្រុកដែលធ្លាប់តែជាប់ចំណាត់ថ្នាក់លេខ១០ ក្នុងចំណោមក្រុង-ស្រុក១០ នៃខេត្តតាកែវ មកជាស្រុកជាប់ចំណាត់ថ្នាក់លេខ៣វិញ ដោយទទួលបានសម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជាចំនួន៦៦,៩១៩ ស្មើនឹង៨២,២៨% ធៀបនឹងសម្លេងបានការសរុប ពោលគឺសម្លេងគាំទ្របានកើនឡើងចំនួន៣១,៤២៤ បើធៀបនឹងសម្លេងគាំទ្រកាលពីការបោះឆ្នោតឆ្នាំ២០១៣»។
លោកទាំង២បានបញ្ជាក់ទៀតថា «យើងខ្ញុំទាំងអស់គ្នាមានជំនឿយ៉ាងមុតមាំថា ឯកឧត្តមនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការជួយដោះស្រាយបញ្ហាផ្សេងៗ របស់ប្រជាជននៅស្រុកបាទីទាំងមូល ព្រមទាំងសម្រេចបាននូវស្នាដៃ និងជោគជ័យថ្មីក្នុងមុខតំណែងថ្មីនេះ»។
ក្នុងឱកាសនេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តម ជា វ៉ាន់ដេត មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តចូលរួមបម្រើប្រទេសជាតិ និងបម្រើប្រជាជន និងសម្រេចនូវជោគជ័យថ្មីៗជូនជាតិមាតុភូមិ៕