(ភ្នំពេញ)៖ BNI Cambodia នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានរៀបចំព្រឹត្តិការណ៍មហាសន្និបាតដ៏ធំ ប្រចាំឆ្នាំ២០១៨របស់ខ្លួន និងបង្ហាញពីភាពរីកម្រើន នៅក្នុងទីផ្សារប្រទេសកម្ពុជា រួមជាមួយអាត្រាចំណូលរបស់ខ្លួនរយៈពេល៥ឆ្នាំ (២០១៣-២០១៨) រហូតដល់៦៣លានដុល្លារ។
ការប្រារព្ធកម្មវិធីមហាសិន្និបាតប្រចាំឆ្នាំលើកទី៣នេះ បានធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ដោយមានការចូលរួមពីសមាជិក របស់ BNI Cambodia ទាំងអស់គ្នា និងសហគ្រាសធុនតូច និងមធ្យម ត្រូវបានអញ្ជើញឱ្យចូលរួម។ ភ្ញៀវចូលរួមទាំងអស់ ត្រូវតែភ្ជាប់មកជាមួយនូវនាមបណ្ណទុកសម្រាប់ប្តូរ ក្នុងន័យបង្កើតទំនាក់ទំនង ដែលអាចផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
លោក ឡុក សាមឌី នាយកប្រតិបត្តិរបស់ក្រុមហ៊ុន BNI Cambodia បានថ្លែងថា៖ «រយៈពេល៥ឆ្នាំមកនេះ BNI Cambodia រកចំណូលបានជាង៦៣លានដុល្លារ (២០១៣-២០១៨) ដោយមានសមាជិកជិត៥០០នាក់។ លោក ឡុក សាមឌីនាយកប្រតិបត្តិរបស់ក្រុមហ៊ុន BNI Cambodia បានឱ្យដឹងថា ចក្ខុវិស័យរបស់ BNI Cambodia សម្រាប់ទៅឆ្នាំ២០១៩ យើងនឹងមានសមាជិកជិត១០០០នាក់ ហើយនៅឆ្នាំ២០២០ និងមានសមាជិក១៥០០នាក់»។
លោកបានបានបន្ថែមថា BNI ជាបណ្តាញធុរកិច្ចអន្តរជាតិ ដែលយើងបានយកចូលក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៣មក ដល់បច្ចុប្បន្ន មានរយៈពេល៥ឆ្នាំ។ កម្មវិធីនេះមានគោលបណង ដើម្បីឲ្យសមាជិកទាំងអស់បានជួបជុំគ្នា ព្រោះសមាជិកគ្រប់បណ្តាញទាំងអស់ មិនដែលបានជួបជុំគ្នាទេ ហើយក្នុងមួយឆ្នាំយើងត្រូវជួបជុំគ្នាម្តង ដើម្បីឱ្យគាត់បានស្គាល់គ្នាពង្រីកទំនាក់ទំនង ពង្រីកឱកាសអាជីវកម្ម និងបង្កើនមិត្តភាព។ BNI ដែលបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត អាយ វិនម៉ាយស្ទ័រ នៅឆ្នាំ១៩៨៥។បច្ចុប្បន្ន BNI មាននៅ៧៨ប្រទេស មានសមាជិកជាង២៤ម៉ឺននាក់។
គោលបំណងចំបងរបស់ BNI ជួយសមាជិករបស់ BNI ដែលជាម្ចាស់អាជីវកម្ម ដើម្បីពង្រីកអាជីវកម្មតាមប្រព័ន្ធ BNI ។ ពេលចូលរួមជា សមាជិករបស់ BNI និងទទួលបានអត្ថប្រយោជន៍ចំនួន៥យ៉ាងរួមមានទី១៖ ក្រុមទីផ្សារដ៏ធំ, ទី២៖ បានសិទ្ធផ្តាច់មុខនៅក្នុងក្រុមរបស់គាត់, ទី៣៖ប្រភពអតិថិជនជាប្រចាំ,ទី៤៖ វគ្គបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ ធ្វើយ៉ាងណា ដើម្បីម្ចាស់អាជីវកម្មមានការ រីកចម្រើនកាន់តែខ្លាំង ថែមទៀតទី៥៖ ទំនាក់ទំនងយូរអង្វែង។
លោក ហុង សុខហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជាបានឱ្យដឹងថា ផ្សារមូលបត្របានចាប់ផ្តើមដំណើរការ អស់រយៈពេល៦ឆ្នាំមកហើយ (ឆ្នាំ២០១២-២០១៨) មានក្រុមហ៊ុនចុះបញ្ជីចំនួន៥ហើយ មានក្រុមហ៊ុនចុះបញ្ជីថែម២ទៀត នៅបំណាច់ឆ្នាំនេះ។
លោកបានបន្ថែមថា ផ្សារមូលបត្របានចាប់ផ្តើមដំណើរការយូរហើយ ហេតុអ្វីក្រុមហ៊ុនចុះបញ្ជីតិច? អាចមានមូលហេតុច្រើន និងមានមូលហេតុមួយក្នុងចំណោមនេះ គឺម្ចាស់សហគ្រិន ម្ចាស់សហគ្រាស ម្ចាស់អាជីវកម្មនៅក្នុងស្រុកនៅមិនទាន់យល់ អំពីចំណុចមួយដែល ធ្វើឱ្យអាជីវកម្មនៅបរទេសគេរីកចម្រើនខ្លាំង ចំណែកយើងរីកចម្រើនយឺត គឺប្រើប្រាស់លុយរបស់អ្នកដទៃ ដើម្បីពង្រីកអាជីវកម្ម។
សម្រាប់ពង្រីកដៃគូអាជីវកម្មផ្សេងៗ ជាមួយអាជីវកម្មរបស់ខ្លួន ជាពិសេសទៀតនោះ កម្មវិធីនេះ គឺជាឱកាសពិសេសបំផុត ដើម្បីរៀនសូត្រ ពីគន្លឹះ និងទ្រឹស្តីធ្វើយ៉ាងណា ធ្វើឲ្យអាជីវកម្មរបស់អស់លោកអ្នកកាន់ តែមានភាពជោគជ័យបន្ថែមទៀតជាមួយ BNI ដែលបានផ្សារភ្ជាប់អាជីវកម្ម របស់អ្នកជាមួយសមាជិកលើសពី៤០០នាក់ និងអ្នកដឹកនាំជាច្រើនរូបទៀត មកពីបណ្តាលប្រទេសផ្សេងៗ៕