(កំពង់ធំ)៖ កម្មករវ័យក្មេងរបស់រោងម៉ាស៊ីនស្រូវ ក្រុមហ៊ុន LBN ម្នាក់បានស្លាប់នៅពេលបញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្ទោង បន្ទាប់ពីរូបគេបានចុះយកដែក ដែលធ្លាក់ចូលក្នុងតៅបង្ហូរអង្កាម ជម្រៅ២៥០សង់ទីម៉ែត្រ ពេលចុះទៅដល់បាតតៅ ត្រូវអង្កាមដែលនៅលើរអិលបាកចូលសង្កត់ពីលើ។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១០៖២០នាទីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្រុមហ៊ុនLBN អង្ករកម្ពុជា ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ។
យោងតាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះចន សុភ័ក្រ ភេទប្រុស អាយុ16ឆ្នាំ រស់នៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ តាមការបំភ្លឺពីសាក្សីឈ្មោះ ង៉ែត ងួន ភេទប្រុស អាយុ៤៥ឆ្នាំ ជាកម្មកររោងម៉ាស៊ីនបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះបានចុះយកដែក ដែលធ្លាក់ចូលក្នុងតៅបង្ហូអង្កាម ជម្រៅ២៥០សង់ទីម៉ែត្រ ពេលចុះទៅដល់បាតតៅ ត្រូវអង្កាមដែលនៅលើរអិលបាកចូលសង្កត់ពីលើ ភ្លាមៗនោះខ្លួនក៏បានហៅកម្មករនៅក្បែរៗនោះ ជាច្រើននាក់មកជួយកាយអង្កាមយកជនរងគ្រោះ ប្រហែលជាង២០នាទី ទើបយកជនរងគ្រោះបាន តែជនរងគ្រោះបានសន្លប់បាត់ស្មារតីទៅហើយ ភ្លាមៗនោះក៏ប្រញាប់ប្រញាល់យកជនរងគ្រោះទៅមន្ទីពេទ្យស្រុកស្ទោង ពេលដល់ពេទ្យ គ្រូពេទ្យបានប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចបន្តថា បើយោងតាមការពិនិត្យនៅកន្លែងកើតហេតុ និងសាកសព អាចសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ដោយកាថប់ដង្ហើម។
បន្ទាប់ពីពិនិត្យរួចសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕