(ភ្នំពេញ)៖ ជាការមើលឃើញឱកាសវិនិយោគខ្ពស់ និងស្ថេរភាពនយោបាយពេញលេញ និងបន្ទាប់ពីរាជរដ្ឋាភិបាលថ្មីអាណត្តិទី០៦នេះចេញជារូបរាង ក្រុមហ៊ុនចិនដ៏ធំមួយ បានជើងឈានចូលកម្ពុជា ដោយបានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនចំនួន២ នៅកម្ពុជា ដើម្បីចាប់ផ្ដើមធ្វើការវិនិយោគលើការអភិវឌ្ឍវិស័យមួយចំនួនធំ នៅកម្ពុជា ។
ការចុះអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការវិនិយោគនៅកម្ពុជា ធ្វើឡើងដោយរវាងក្រុមហ៊ុនចំនួន៣ គឺក្រុមហ៊ុន China One Belt and One Road International Barter Operation CO.,Limited របស់ប្រទេសចិន និងក្រុមហ៊ុនចំនួន២របស់កម្ពុជា គឺក្រុមហ៊ុន Smile Sheen International CO.,Ltd និងក្រុមហ៊ុន Green Cambodian Property Investment Co., Ltd។
ពិធីនេះក៏មានការចូលរួមពីសំណាក់លោកស្រី ហ៊ុន សេងនី, លោក ជ្រា សុចិន្តា រដ្ឋលេខាធិកាទីស្តីការគណៈរដ្ឋមន្រីទទួលបន្ទុក ហិរញ្ញវត្ថុ និងធនាគា, លោក រាជ ភទ្ទ អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ, អ្នកឧកញ៉ា ឡាញ់ ភារ៉ា តំណាងក្រុមហ៊ុនគ្រីនខេមបូឌា អ៊ិនវេសមិន ឯ.ក, លោក FU CHANGCHENG តំណាងក្រុមហ៊ុនឆាយណា វ័នបែល អេន វ័នរូត អ៊ិនធើនេសិនណល បាធើ អូបផើរេសិន ឯ.ក និងលោក សយ ប៊ុនធឿន តំណាងក្រុមហ៊ុនស្មាលល៍ ស៊ីនអ៊ិនធើនេសិនណល (ខេមបូឌា)។
ក្នុងឱកាសចុះអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការខាងលើ លោក ហ្វូ ឆាងឈឹង ជាតំណាងឲ្យក្រុមហ៊ុន China One Belt and One Road International Barter Operation CO., Limited របស់ប្រទេសចិន បានលើកឡើងថា ការមកវិនិយោគនៅកម្ពុជានាពេលនេះ គឺដោយមើលឃើញច្បាស់ពីស្ថេរភាពនយោបាយពេញលេញ ពុំមានការផ្ទុះអាវុធតាមដងផ្លូវនានា ក៏ដូចជា មានបំណងជួយអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើន និងទទួលបានការគាំទ្រលើកទឹកចិត្តពីថ្នាក់ដឹកនាំនៃប្រទេសទាំង២។
លោកបន្តថា ក្រុមហ៊ុនរបស់លោកបានសិក្សាស្រាវជ្រាវពីការបង្កើតផ្លូវល្បឿនលឿននៅកម្ពុជាផងដែរ ដោយខ្សែទី១ ចាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ដែលតាមការប៉ាន់ស្មានអាចចំណាយ អស់ទឹកប្រាក់ខ្ទង់លានដុល្លារ។ ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនទាំង៣ បានធ្វើឡើងនារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ដោយបានសម្រេចព្រមព្រៀងគ្នា ធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗជាច្រើន។
ក្នុងកិច្ចព្រមព្រៀងសំខាន់ៗទាំងនេះមានដូចជា៖ តំបន់ពាណិជ្ជកម្មសេរី ផ្លូវមួយខ្សែក្រវ៉ាត់មួយ គម្រោងឧទ្យានជីវៈចម្រុះ គម្រោងអភិវឌ្ឍន៍ ទូលំទូលាយ នៃឧទ្យានឧស្សាហកម្មហិរញ្ញវត្ថុ ចិន-កម្ពុជា គម្រោងហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវល្បឿនលឿន, ផ្លូវរូងក្រោមដី, ស្ពានទូរគមនាគមន៍, ការជីកយករ៉ែមាស, ទង់ដែង គម្រោងថាមពលដូចជា៖ ការកែឆ្នៃប្រេងកាត ឧស្ម័នធម្មជាតិ រោងចក្រកែឆ្នៃកាកសំណល់់ ទៅជាថាមពល រោងចក្រថាមពលវារីអគ្គីសនី រោងចក្រថាមពលនុយក្លេអ៊ែរ។
ការដាក់ពាក្យស្នើសុំស្ថានកុងស៊ុលកម្ពុជា ប្រចាំនៅទីក្រុង ស៊ាមេន រៀបចំការបង្កើតក្រុមសាជីវកម្មវិនិយោគចិន កម្ពុជានៅកម្ពុជា ការលើកកម្ពស់និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា គម្រោងសហប្រតិបត្តិការកីឡាអន្តរជាតិ ការនាំចេញផលិតផលកសិកម្ម ទៅកាន់ប្រទេសចិន និងអជីវកម្មប្រព័ន្ធផ្សព្វផ្សាយផ្ដោតលើព័ត៌មានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕