(ស្វាយរៀង)៖ ទស្សនិកជនច្បាស់ជានៅចាំបានថា ម្ចាស់ពានមហោស្រពសិល្បៈចម្រៀងខ្មែរជាសកល ឆ្នាំ២០១១ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដែលជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកចម្រៀងសម័យ គឺលោក ឌី ថារ៉េន នោះហើយ ប៉ុន្តែបច្ចុប្បន្ននេះ លោកកំពុងធ្លាក់ខ្លួនធ្វើជាកម្មករសំណង់នៅខេត្តស្វាយរៀង ខណៈជីវភាពកំពុងជួបការខ្វះខាត។
លោក ឌី ថារ៉េន ម្ចាស់ពានរង្វាន់លេខ១ ផ្នែកចម្រៀងសម័យ ឆ្នាំ២០១១ បានឱ្យដឹងថា លោកមកខេត្តស្វាយរៀងនាពេលនេះ ដើម្បីស្វែងរកការងារធ្វើក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយមួយរយៈចុងក្រោយនេះ លោកមិនដែលបានឡើងច្រៀងតាមស្ថានីយ៍ទូរទស្សន៍ ឬក្រុមវង់តន្ត្រីណានោះទេធ្វើឱ្យជីវភាពលោកកាន់ដុនដាប។ លោកថា មុនមកខេត្តស្វាយរៀង លោកបានធ្វើជាកម្មករសំណង់នៅរាជធានីភ្នំពេញបានមួយរយៈ តែដោយសារមេការសំណង់មិនបើកលុយឱ្យ ទើបលោកសម្រេចចិត្តមកខេត្តនេះដើម្បីស្វែងរកការងារធ្វើបន្ត។
លោក ឌី ថារ៉េន បានរំឭកពីប្រវត្តិដែលលោកបានឈានជើងចូលវិថីសិល្បៈថា លោកមានស្រុកកំណើតខេត្តកំពង់ចាម ក្រោយមកក៏បានទៅរស់នៅខេត្តកំពង់ធំ ហើយកាលពីឆ្នាំ២០០៩ លោកបានស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ពឆ័ត្រយោង ៩១១ ឈរជើងនៅប្រាសាទព្រះវិហារបានមួយរយៈ តែក្រោយមកក៏មានជំងឺគ្រុនចាញ់ក៏បានឈប់មកសម្រាកព្យាបាល នៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ហើយមិនបានវិលត្រឡប់មកបម្រើកងទ័ពវិញទេ។
នៅឆ្នាំ២០១០ ការប្រឡងចម្រៀងមហោស្រពសិល្បៈចម្រៀងខ្មែរជាសកល ក៏បានផ្តល់ឱកាសឱ្យរូបលោកដាក់ពាក្យចូលប្រឡងនៅខេត្តកំពង់ធំ ជាប់ចំណាត់ថ្នាក់លេខ១។ ក្រោយពីប្រឡងជាប់នៅខេត្តរួចមក ខាងខេត្តក៏បញ្ជូនបន្តមកភ្នំពេញ ដើម្បីប្រឡងយកពានរង្វាន់សកលផ្នែកចម្រៀងសម័យ ក្នុងការប្រឡងនេះ គឺគេចម្រាញ់យកតែអ្នកជាប់ចំណាត់ថ្នាក់លេខ១ប្រចាំខេត្ត និងមានខ្មែរនៅក្រៅប្រទេសមកប្រឡងយកជ័យលាភីដែរ តែរូបលោកពុំទទួលបានចំណាត់ល្អនោះទេ គឺបានត្រឹមលេខ៤ប៉ុណ្ណោះ។
លោក ឌី ថារ៉េន បញ្ជាក់ថា ក្រោយពីមិនទទួលបានចំណាត់ថ្នាក់ដែលទីពេញចិត្តនោះ នៅឆ្នាំ២០១១ ក៏បានដាក់ពាក្យប្រឡងយកជ័យលាភីម្តងទៀត ទើបទទួលបានចំណាត់ថ្នាក់លេខ១ ដែលមានអ្នកដាក់ពាក្យប្រឡងយ៉ាងច្រើនកុះករ។ ពានរង្វាន់ចម្រៀងខ្មែរជាសកល ផ្នែកចម្រៀងសម័យរបស់សម្តេចតេជោ ហ៊ុន សែន ទទួលបានពានចម្រៀង១ និងថវិកា២៥០០ដុល្លារ ដោយកាលនោះប្រគល់ដោយសម្ដេចវិបុលបញ្ញា សុខ អាន។
លោក ឌី ថារ៉េន បន្តទៀតថា ក្រោយពីទទួលបានជ័យលាភីលេខ១រួចមក ក៏មានស្ថានីយ៍ទូរទស្សន៍មួយចំនួន បានហៅលោកឡើងច្រៀង និងច្រៀងតាមក្រុមវង់តន្ត្រីប្រគុំតាមរោងការ បុណ្យ ជប់លៀង រង្គសាលខ្លះៗដែរ ក្នុងនោះដូចជាកម្មវិធីតន្ត្រីស្រុកស្រែរបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន កម្មវិធីមន្តស្នេហ៍សំនៀង CTN និងទូរទស្សន៍ហង្សមាស ទូរទស្សន៍អប្សរាផងដែរ តែប៉ុន្មានឆ្នាំចុងក្រោយនេះ ពុំសូវមានខាងស្ថានីយ៍ទូរទស្សន៍ ក៏ដូចជាក្រុមវង់តន្ត្រីហៅច្រៀងទៀតទេ ធ្វើឱ្យជីវភាពលោកជួបការលំបាកក៏ឆ្លៀតដើររកការងារធ្វើបន្ថែម។
ពាក់ព័ន្ធទៅនឹងសំណួរសួរលោកថា ហេតុអ្វីបានជាលោកសម្រេចចិត្តលាក់ខ្លួនធ្វើជាកម្មករសំណង់បែបនេះ លោកថា មកពីជីវភាពខ្វះខាតហើយគ្មានគេហៅច្រៀង ម៉្យាងទៀតលោកជាអ្នកចម្រៀងដែលចូលចិត្តច្រៀងបទពីដើម ដូចជាបទអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត លោក អ៉ិនយ៉េន សុះ ម៉ាត់ អ៉ឹង ណារី កែវ សារ៉ាត់ ជាដើម ដូច្នេះគេមិនសូវហៅច្រៀងទេ។
លោក ឌី ថារ៉េន នៅចំពោះមុខអ្នកសារព័ត៌មាន ក៏បានអំពាវនាវដល់ស្ថានីយ៍ទូរទស្សន៍ និងរង្គសាល ក្រុមតន្ត្រីផ្សេងៗ ក៏ដូចជាសប្បុរសជននានា សូមជួយឱ្យរូបគាត់បានឡើងច្រៀងវិញផង គ្រាន់បានប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារបន្ថែម ដោយជីវភាពសព្វថ្ងៃជួបការលំបាកខ្លាំង។ ដើម្បីងាយស្រួលទំនាក់ទំនងទៅលោក ឌី ថារ៉េន លោក លោកស្រីអាចទំនាក់ទំនងផ្ទាល់តាមរយៈលេខទូរស័ព្ទ 097 37 07 286។
សូមបញ្ជាក់ថា ដោយមានក្តីអាណិតអាសូរពីសប្បុរសជនដល់លោក ឌី ថារ៉េន ក្នុងនោះលោក សុន សុខជាតិ នៅខេត្តស្វាយរៀង បានឧបត្ថម្ភថវិកា ៥០ដុល្លារ លោក ស៊ុ ពៅពិសិដ្ឋ នៅខេត្តព្រៃវែង ថវិកា៣០ដុល្លារ លោក រដ្ឋា នៅស្វាយរៀង ថវិកា២០ដុល្លារ លោក នុត នាង ស្វាយរៀង ថវិកា២០ដុល្លារ លោក នាត តន្ត្រីសម័យស្វាយរៀង ១០ដុល្លារផងដែរ៕