(បាងកក-ថៃ)៖ អ្នកសារព័ត៌មាន Fresh News រួមទាំងភ្នាក់ងារព័ត៌មានមកពីស្ថាប័នផ្សេងៗ ក្នុងប្រទេសកម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា (CLMV) ពេលនេះ បាននិងកំពុងធ្វើដំណើរទស្សនកិច្ចរួមគ្នា នៅតំបន់ទេសចរណ៍ និងតំបន់សំខាន់ៗជាច្រើនទៀត ក្នុងប្រទេសថៃ។
ដំណើរទស្សនកិច្ចនេះ គឺធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ដែលរៀបចំដោយក្រុមហ៊ុនអាកាសចរណ៍ AirAsia ដើម្បីធ្វើការផ្លាស់ប្ដូរគំនិតយោបល់គ្នាទៅវិញទៅមក ពាក់ព័ន្ធវិស័យទេចរណ៍ និងសេវាកម្មផ្សេងៗជាច្រើនទៀតផងដែរ។
សម្រាប់ទស្សនកិច្ចលើកនេះ មានអ្នកសារព័ត៌មានមកពីប្រទេសកម្ពុជាចំនួន៤រូប, ប្រទេសវៀតណាមចំនួន៤រូប, ប្រទេសឡាវចំនួន៤រូប និងប្រទេសមីយ៉ាន់ម៉ាចំនួន៤រូប ដូចគ្នាផងដែរដែលផ្ដល់ជូនកន្លែងស្នាក់នៅដោយសណ្ឋានគារ Four Point។ សម្រាប់ដំណើរទស្សនកិច្ចនេះ ក្រុមអ្នកសារព័ត៌មានប្រទេស CLMV និងក្រុមហ៊ុនអាកាសចរណ៍ AirAsia បានទៅទស្សនាផ្សារលើទឹកដែលល្បីជាងគេក្នុងប្រទេសថៃ, វត្ដភូ ក្នុងទីក្រុងបាងកក និងតំបន់ទេសចរណ៍ល្បីៗជាច្រើនផ្សេងទៀតផងដែរ។
សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ AirAsia គឺជាសេវាដឹកជញ្ជូនមានតម្លៃទាបឈានមុខគេ ក្នុងពិភពលោក មានបម្រើសេវាកម្មក្នុងបណ្តាញដ៏ទូលំទូលាយ ទៅច្រើនជាង១២០ គោលដៅនៅទូទាំងទ្វីបអាស៊ីនិង អូស្ត្រាលី។ ចាប់តាំងពីចាប់ផ្តើមធ្វើប្រតិបត្តិការនៅឆ្នាំ២០០១, AirAsia បានដឹកជញ្ជូនភ្ញៀវច្រើនជាង ៤០០លាននាក់ និងបានរីកលូតលាស់ពីមានយន្តហោះតែពីរ រហូតដល់២០០គ្រឿង។
ក្រុមហ៊ុនអាកាសចរណ៍នេះ មានមោទនភាពដែលក្លាយជាក្រុមហ៊ុនអាកាសចរណ៍ពិតប្រាកដនៅអាស៊ីអាគ្នេយ៍ (សមាគម នៃប្រជាជាតិអាស៊ីអាគ្នេយ៍) ជាមួយនឹង ប្រតិបត្តិការដែលបានបង្កើតនៅប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន រួមទាំង ឥណ្ឌា និងជប៉ុន ដោយមានការពង្រីកសេវាកម្មទៅកាន់ទូទាំងអាស៊ី អូស្ត្រាលី និង ណូវែហ្សឺឡង់ មជ្ឈឹមបូព៌ា និងសហរដ្ឋអាមេរិក។ AirAsia ត្រូវបានគេឱ្យឈ្មោះថា ក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបបំផុតរបស់ពិភពលោក (World’s Best Low-Cost Airline) នៅក្នុង Skytrax World Airline Awards ប្រចាំឆ្នាំចំនួន១០ជាប់ៗគ្នាពីឆ្នាំ ២០០៩ ដល់២០១៨។
AirAsia ក៏បានទទួលរង្វាន់ជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានតម្លៃទាបឈានមុខគេរបស់ពិភពលោក (World's Leading Low-Cost Airline) សម្រាប់ឆ្នាំបន្តទីបួននៅឆ្នាំ២០១៦ World Travel Awards ជាកន្លែងដែលប្រែក្លាយខ្លួនពីក្រុមហ៊ុនដឹកជញ្ជូន មានសេវាពេញលេញទៅជាក្រុមហ៊ុនដឹកជញ្ជូន មានតម្លៃទាបមិនធ្លាប់មានដំបូងគេ ដែលឈ្នះសេវាកម្មយន្តហោះឈានមុខគេរបស់ពិភពលោក (World's Leading Inflight Service)៕