(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញជូនដំណឹងដល់សាធារណជន ជាពិសេស អាជីវករ ម្ចាស់សហគ្រាស ឬ សិប្បកម្មបោះពុម្ពសម្លៀក បំពាក់គ្រប់ប្រភេទ និងហាងលក់សម្លៀកបំពាក់កីឡាទាំងអស់ ត្រូវបញ្ឈប់ការចែកចាយ បោះពុម្ព និងចម្លងម៉ូតសម្លៀកបំពាក់កីឡា ឬ សម្ភារប្រើប្រាស់ផ្សេងៗ ដែលមានម៉ាកសញ្ញា (ឡូហ្គូ) របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានៅថ្ងៃទី០៨ ខែកញ្ញានេះ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសង្កត់ធ្ងន់ថា «ក្នុងករណីអាជីវករ ម្ចាស់សហគ្រាស ម្ចាស់សិប្បកម្មបោះពុម្ពសម្លៀកបំពាក់ ឬ ម្ចាស់ហាងលក់ សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ណា ដែលនៅតែបន្តលក់ និងចែកចាយ នូវសម្លៀកបំពាក់ ឬ សម្ភារ ប្រើប្រាស់ដែលមានភ្ជាប់ម៉ាកសញ្ញា (ឡូហ្គូ) របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀត នោះសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន»។
ដើម្បីឲ្យសាធារណជនជ្រាបកាន់តែច្បាស់ FRESH NEWS សូមភ្ជាប់ជូននូវលិខិតជូនដំណឹងចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលមានការបញ្ជាក់របស់លោក មេធាវី ឡាន ស៊ីនីត សមាជិកគណៈមេធាវីនៃកម្ពុជា និងជាមេធាវីនៃក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ និងវិញ្ញាបនបត្រចុះបញ្ជីម៉ាក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ចេញដោយក្រសួងពាណិជ្ជកម្ម នៃកម្ពុជា៕