(ភ្នំពេញ)៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យនិសិ្សតស្រីម្នាក់ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀត រួចដួល ក៏ត្រូវរ៉ឺម៉ក់កិនចំក្បាលស្លាប់ភ្លាមៗ ក្រោយមករ៉ឺម៉ក់បានព្យាយាមបើកគេចខ្លួនបាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទី ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស មុខក្រុមហ៊ុន ហុងដាលក់ម៉ូតូ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។យុវតីរងគ្រោះឈ្មោះ លី សៀវហ្វុង អាយុជាង២០ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សន្តិសុខដែលយាមនៅក្រុមហ៊ុន ហុងដា បានប្រាប់ភ្នាក់ងារអង្គភាព Fresh News ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញយុវតីម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FA-1335 ធ្វើដំណើរពីជើងទៅត្បូង ស្របទិសគ្នាជាមួយម៉ូតូរ៉ឺម៉ក់ តាមបណ្តោយផ្លូវព្រះមុនីវង្ស លុះមកដល់ចំណុចមុខក្រុមហ៊ុន ហុងដាលក់ម៉ូតូ ស្រាប់តែប៉ះដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួល ស្របពេលនោះ ក៏មានម៉ូតូរ៉ឺម៉កបើកមកដល់កិនចំក្បាលបែកឈាមស្លាប់មួយរំពេចតែម្តង។
ក្រោយកើតហេតុ អ្នកបើកម៉ូតូរ៉ឺម៉កមិន បានឈប់នោះទេ ក៏បន្ថែមល្បឿនបើករត់គេចចេញពីកន្លែងកើតហេតុបាត់តែម្តង។ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទាក់ទងទៅជំនាញសមត្ថកិច្ចចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុក។ ចំណែកឯសាកសពរងគ្រោះខាងលើ ត្រូវសមត្ថកិច្ចំនាញធ្វើលិខិតស្នាមប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕