(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានអនុគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវ និងជាអភិបាលខណ្ឌ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ បានដឹកនាំសមាជិកគណៈកម្មាធិការអនុសាខា រួមជាមួយសហការី និងមន្ត្រីពាក់ព័ន្ធដ៍ទៃទៀតចុះសួរសុខទុក្ខ ដោយពាំនាំយកនូវអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះការលំបាក ដោយសារទឹកជំនន់ទន្លេសាបឡើងខ្ពស់ បណ្ដាលឲ្យលិចលង់ផ្ទះសម្បែងចំនួន៣១៤គ្រួសារ ក្នុងបំណងលើកកម្ពស់ជីវភាពរស់នៅ ប្រចាំថ្ងៃបានមួយចំនួន ស្ថិតនៅក្នុងសហគមន៍ទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
គ្រួសារពលរដ្ឋងាយរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះកាកបាទក្រហមកម្ពុជា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានចាត់ឲ្យលោក ជា ពិសី មកគិតគូរ និងជួយដល់ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា ដោយគ្មានការរើសអើងពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ក្នុងឱកាសជួបសំណេះសំណាលនេះ លោក ជា ពិសី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ មានទុក្ខលំបាក ជាជនងាយរងគ្រោះគ្រប់ប្រភេទ និងសូមឲ្យថែទាំសុខភាពឱ្យបានល្អ ដោយក្នុងនោះ ត្រូវរស់នៅស្អាត និងពិសារទឹកឆ្អិន គេងក្នុងមុងជានិច្ច សូមមើលថែទាំចាស់ជរា និងកូនតូចៗឱ្យបានល្អជៀសវាងគ្រោះថ្នាក់កើតឡើង ដោយយថាហេតុផ្សេងៗ និងត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ចរាល់ពេលធ្វើដំណើរទោះជិត ឬឆ្ងាយ។
លោក ជា ពិសី បានថ្លែងថា អំណោយអង្ករដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំយកមកឧបត្ថម្ភជូន ប្រជាពលរដ្ឋនាពេលនេះ អាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បានមួយគ្រា ដែលជាទឹកចិត្តសប្បុរសធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈអាជ្ញាធរមូលដ្ឋានភូមិ-សង្កាត់-ខណ្ឌ រហូតដល់ក្រុង គឺដើម្បីឲ្យយកចិត្តទុកដាក់ខ្ពស់ លើប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ និងអត់បាយឡើយ ក្រោមអនុសាសន៍ដឹកនាំចង្អុលបង្ហាញពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕