(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់, របួសស្រាល៣នាក់ និងរបួសធ្ងន់៥នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៧គ្រឿង និងរថយន្ដធុនធំ២គ្រឿង និងរថយន្ដធុនតូច៥គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង និងបត់គ្រោះថ្នាក់។
សូមបញ្ជាក់ថា រយៈពេល០៧ថ្ងៃមានការណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៥១លើក បណ្ដាលឲ្យមនុស្សសា្លប់ចំនួន២៤នាក់, របួសធ្ងន់៦២នាក់ និងរបួសស្រាលចំនួន២៧នាក់៕