(ត្បូងឃ្មុំ)៖ បន្ទាប់ពីមានការណែនាំជាប្រចាំ ពីសំណាក់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចជាអភិបាលខេត្តត្បូងឃ្មុំ ចំពោះសុខភាពពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នោះ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក កែវ វណ្ណៈ ប្រធានមន្ទីរ និងអនុប្រធានមន្ទីរទាំង៣ ព្រមទាំងមន្ត្រីសុខាភិបាលខេត្ត បានបន្តចុះត្រួតពិនិត្យ និងផ្តល់ថ្នាំពេទ្យដោយផ្ទាល់បន្ថែមទៀតតាមទូក ដល់មណ្ឌលសុខភាពចំនួន៥ មានមណ្ឌលសុខភាពជីរោទិ៍ទី១ មណ្ឌលសុខភាពបឹងព្រួល មណ្ឌលសុខភាពពាមជីលាំង មណ្ឌលសុខភាពកំពង់ទ្រាស និងមណ្ឌលសុខភាពព្រែកអាជី ក្នុងស្រុកត្បូងឃ្មុំ និងស្រុុកក្រូចឆ្មារ ដែលលិចលង់ដោយទឹកជំនន់ទន្លេមេគង្គ។
លោក កែវ វណ្ណៈ បានឱ្យដឹងថា បន្ទាប់ពីទឹកទន្លេមេគង្គឡើងជនលិចផ្លូវ និងផ្ទះប្រជាពលរដ្ឋក្នុងស្រុកត្បូងឃ្មុំ និងស្រុុកក្រូចឆ្មារនោះ តាមមណ្ឌលសុខភាពនៅទីនោះ កាន់តែមមាញឹកក្នុងការពិនិត្យព្យាបាល និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ។ ដោយមានតម្រូវ ការបន្ថែម និងមានការលំបាកក្នុងការនាំយកថ្នាំពេទ្យ ទៅតាមមណ្ឌលសុខភាពទាំងនោះ ទើបនាថ្ងៃនេះ លោកព្រមទាំងសហការី បានបន្តចុះនាំយកថ្នាំពេទ្យ និងពិនិត្យដោយផ្ទាល់ ក្នុងការពិនិត្យព្យាបាលជំងឺរបស់លោកគ្រូ-អ្នកគ្រូពេទ្យជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះលោកប្រធានមន្ទីរសុខាភិបាលខេត្ត បានសំណូមពរឱ្យលោកគ្រូអ្នកគ្រូពេទ្យ បន្តយកចិត្តទុកដាក់ក្នុងការពិនិត្យ ព្យាបាលជូនពលរដ្ឋ ប្រកបដោយដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ដើម្បីធានាអោយបាននូវសុខភាព និងអាយុជីវិតពលរដ្ឋទាំងអស់។
បន្ថែមពីនោះ បើសិនមានការខ្វះខាតថ្នាំពេទ្យ និងការសង្គ្រោះបន្ទាន់ សូមលោកគ្រូអ្នកតាមមណ្ឌលសុខភាព ទាក់ទងមកដើម្បីធ្វើយ៉ាងណា សង្គ្រោះអោយបានទាន់ពេលវេលា ស្របតាមទំនុកចិត្ត ដែលប្រជាពលរដ្ឋផ្តល់ឱ្យ៕