(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ មានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកកោះសូទិន កម្លាំងប៉ុស្តិ៍នគរបាលល្វេ កម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋានស្រុកកោះសូទិន និងអាជ្ញាធរមូលដ្ឋាន បានសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចអតីតឡូតិ៍លេខ៨ ក្នុងភូមិសាស្រ្តឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ដោយក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានដកហូតលូស្បៃមុងចំនួន ៩មាត់ របាំងព្រួលប្រវែង ៨៨០ម៉ែត្រ បង្គោលឫស្សីចំនួន ២១០ដើម និងចាក់លែងកូនត្រីចម្រុះចូលក្នុងបឹងធម្មជាតិចំនួន ៥០គីឡូក្រាម។។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានគូសបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានអំពីបទល្មើសនេសាទខុសច្បាប់ខាងលើហើយ លោកបានបញ្ជាទៅលោកអធិការនគរបាលស្រុកកោះសូទិន ឱ្យចាត់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបបទល្មើសនោះភ្លាមៗ។
ជាក់ស្ដែង ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ត្រី ឡោ ស៊ាងហ៊ត់ ជាអធិការរងនៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងដោយមានការចង្អុលបង្ហាញពីលោក ផេន សុផល អភិបាលស្រុកកោះសូទិន, កម្លាំងសមត្ថកិច្ចចម្រុះប្រចាំមូលដ្ឋាន ក៏បានសហការគ្នាចេញប្រតិបត្តិការទាន់សភាពការណ៍តែម្ដង។
លោកស្នងការ ឯម កុសល បានបន្តថា ក្រោយពីដកហូតវត្ថុតាងមួយចំនួន ដែលជាឧបករណ៍នេសាទខុសច្បាប់បានហើយ វត្ថុតាងមួយចំនួនមានរបាំងព្រួលចំនួន ២៥០ម៉ែត្រ និងបង្គោលឫស្សីចំនួន ២១០ដើមនោះ ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅដុតបំផ្លាញចោលនៅនឹងកន្លែង។
ដោយឡែក លូស្បៃមុងចំនួន ៩មាត់ និងរបាំងព្រួលចំនួន ៦៣០ម៉ែត្រ ត្រូវបានដឹកយកទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកោះសូទិន ដើម្បីរង់ចាំបទបញ្ជាចាត់ការបន្ត។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បានអំពាវនាវដល់ប្រជានេសាទទាំងឡាយផងដែរ ដាច់ខាតមិនត្រូវធ្វើសកម្មភាពនេសាទខុសច្បាប់ ក៏ដូចជាប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ឱ្យសោះ ព្រោះវាធ្វើឱ្យហិនហោចធនធានមច្ឆាជាតិ និងត្រូវប្រឈមចំពោះមុខច្បាប់ថែមទៀតផង៕