(ភ្នំពេញ)៖ កម្ពុជាសព្វថ្ងៃកំពុងតែរីកមុខមាត់យ៉ាងខ្លាំងលើផ្នែកស្ថាបត្យកម្ម ហើយក៏មានសិស្សនិស្សិតជាច្រើនសិក្សាជំនាញនេះជាច្រើនផងដែរ ជាមួយគ្នានេះដែរលោកសាស្ត្រាចារ្យ ជា សំអាត ជំនាញស្ថាបត្យកម្ម ដែលបង្ហាត់បង្រៀនច្រើនសាកលវិទ្យានៅកម្ពុជានោះ បានមើលឃើញថា និស្សិតនៅកម្ពុជាដែលសិក្សាជំនាញមួយនេះ គឺទទួលបានលទ្ធផលល្អជាទីគាប់ចិត្តចាប់ពី៨០ ទៅ៩០ភាគរយ នៅក្នុងមុខជំនួញ និងការងារ ក្រោយបញ្ចប់ការសិក្សាជំនាញមួយនេះ។

លោកថ្លែងបែបនេះ នៅក្នុងពិធីនៃការការពារសារណា ឬនិក្ខេបបទ របស់និស្សិតសកលវិទ្យាល័យន័រតុន នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានការចូលរួមពី ភឿន សោភ័ណ អគ្គលេខាធិការក្រុមប្រឹក្សាភិបាលស្ថាបត្យករកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង រួមនឹងគណកម្មការវាយតម្លៃនិងដាក់ពិន្ទុជូននិស្សិត និងសាស្រ្តាចារ្យជាច្រើននាក់ មកពីសកលវិទ្យាល័យន័រតុន។

លោកសាស្ត្រាចារ្យ ជា សំអាត បានបញ្ជាក់ឲ្យដឹងថា ជាទូទៅនិស្សិតដែលសិក្សាផ្នែកស្ថាបត្យកម្ម នៅតាមបណ្តាសកលវិទ្យាល័យ មានរហូតដល់ទៅ ៨០ ឬ៩០ភាគរយ ដែលសមប្រកបទៅនឹងមុខជំនួញ ក៏ដូចជាការងារផ្សេងៗ ក្រោយបញ្ចប់ការសិក្សាជំនាញស្ថាបត្យកម្មមួយនេះ។

ក្រៅពីនេះលោកសាស្រាចារ្យរូបនេះ ក៏បានប្រាប់គន្លឹះមួយចំនួនដែលនាំឲ្យនិស្សិតដែលសិក្សាជំនាញស្ថាបត្យកម្មមានសោភណ្ឌល្អ គឺត្រូវមានមូលដ្ឋានគ្រឹះចំនួន៣ រួមមានដូចជា៖ ទី១៖ រៀនគូរ, ទី២-៖ គូរផង គិតផង និងទី៣៖ គិតច្រើនជាងគូរ ដែលទាំងអស់នេះគឺគន្លឹះដល់ល្អសម្រាប់ឲ្យនិស្សិតយកទៅអនុវត្តន៍។

ជាមួយគ្នានេះដែរ លោក ភឿន សោភ័ណ អគ្គលេខាធិការក្រុមប្រឹក្សាភិបាលស្ថាបត្យករកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង បានឲ្យដឹងថា «កម្ពុជាមានសុខសន្ដិភាព និងការអភិវឌ្ឍ ខណៈរាជរដ្ឋាភិបាលកម្ពុជាមានយុទ្ធសាស្ដ្រនានាឲ្យមានការអភិវឌ្ឍ រីកចម្រើនគ្រប់វិស័យ ជាពិសេសវិស័យសំណង ដើម្បីចូលរួមចំណែកកាន់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាទាំងមូល»

ចំណែកឯក្រុមនិស្សិតផ្នែកស្ថាបត្យកម្មឆ្នាំទី៥ ជំនាន់ទី១៤ នៃសាកលវិទ្យាល័យន័រតុន ដែលបានឡើងការពារសារណាបានបញ្ជាក់ថា ក្រុមរបស់ពួកគាត់យកគម្រោង «តំបន់សេដ្ឋកិច្ចពិសេស ព្រែកតាទែន ឆ្នាំ២០៥០» ដែលមានទីតាំងភាគខាងជើងរាជធានីភ្នំពេញ ហើយមូលហេតុនៃការយកប្រធានបទនេះបង្ហាញ គឺដោយសារតែចង់លើកកម្ពស់សេដ្ឋកិជាតិ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ ជាពិសេសនោះគឺកាត់បន្ថយការកកស្ទះ នៅក្នុងរាជធានីភ្នំពេញ។

និស្សិតផ្នែកស្ថាបត្យកម្មឆ្នាំទី៥ ជំនាន់ទី១៤ នៃសាកលវិទ្យាល័យន័រតុន ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា ពួកគេនឹងអាចធ្វើនិក្ខេបទ ឬការពារសារណាមួយនេះ បានយ៉ាងល្អប្រសើរ ដើម្បីឆ្លងកាត់វគ្គចុងក្រោយមួយនេះ៕