(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ការតែងតាំងមេទ័ពកំពូលថ្មីចំនួន៣រូប ឱ្យចូលកាន់តំណែងជាផ្លូវការសម្រាប់អាណត្តិទី៦នេះ គឺដើម្បីពង្រឹងខឿនការពារជាតិ ឲ្យកាន់តែប្រសើរឡើង មិនមានបញ្ហាផ្ទៃក្នុងនៃជួរកងទ័ពអ្វីនោះទេ។
សម្តេចប្រមុខការពារជាតិ បានថ្លែងបែបនេះ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រកាសដំឡើងឋានន្តរស័ក្តិ និងតែងតាំងមុខតំណែងដល់មេទ័ពកំពូលថ្មីចំនួន៣រូប រួមមាន៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។
សម្តេច ទៀ បាញ់ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ការរកប្រសិទ្ធភាពការងារនេះ លុះត្រាតែរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ឲ្យវាសមស្របដែរ។ ដោយសារថា អគ្គមេបញ្ជាការចាស់គាត់ទៅកាន់តួនាទីថ្មី នៅក្នុងរដ្ឋាភិបាល យើងដឹងហើយតួនាទីដ៏ធំ គួរសមដែរ គឺជាទេសរដ្ឋមន្ត្រី ទទួលកិច្ចការងារពិសេស»។
សម្តេចពិជ័យសេនា បានបញ្ជាក់បន្តថា «យើងត្រូវរៀបចំនិរន្តរភាពការងារតាមស្ថានប័ននីមួយៗ នៅក្នុងរចនាសម្ព័ន្ធរបស់កងទ័ព វាតោងតែរៀបចំរបៀបនេះតែម្តង។ ហេតុនេះ ការរៀបចំឡើងវិញនូវអគ្គបញ្ជាការ ក៏ដូចជាមេបញ្ជាការកងទ័ពជើងគោក គឺជារឿងធម្មតាទេ គឺយើងរៀបចំឲ្យមានក្បាលម៉ាស៉ីនដឹកនាំ បញ្ជាដ៏ជាក់លាក់មួយ គឺមិនមានអ្វីចម្លែកទេ។ គ្មានរឿងអ្វីនៅក្នុងកងទ័ពទេ រឿងសំខាន់បំផុតយើងបង្កើនប្រសិទ្ធភាព ការងាររបស់យើងនៅក្នុងកងទ័ព ពង្រឹងកងទ័ពយើងឲ្យកាន់តែរឹងមាំ កាន់តែទទួលភារកិច្ចឲ្យបានកាន់តែមានប្រសិទ្ធភាពទៀត នៅពេលខាងមុខនេះ»។
សូមជម្រាបថា តំណែងដែលមេទ័ពកំពូលទាំង៣រូប ត្រូវចូលកាន់សម្រាប់អាណត្តិទី៦នេះ រួមមាន៖ នាយឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលត្រូវបានតែងតាំងជាអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ត្រូវបានតែងតាំងជា អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងគោក៕