(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា មកដល់ពេលនេះ ដែលមកកាន់តំណែងរដ្ឋបាលខេត្ត បានមួយអាណត្តិ ការងារបទល្មើសក៏បានដាក់វិធានការច្រើនមកហើយដែរ ហេតុនេះ គឺមិនចង់ឃើញរបាយការណ៍អំពីបញ្ហាបាត់បង់ធនធានធម្មជាតិ ដូចជា វិស័យជលផល និងព្រៃឈើ ដោយសារមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធ អសម្ថភាពមួយចំនួនតែងតែបង្កព្យុះភ្លៀងធ្វើឲ្យប្រជាពលរដ្ឋរស់នៅ តំបន់នោះមានការថ្នាំងថ្នាក់ជះឥទ្ធិពលអាក្រក់ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្ត ម៉ៅ ធនិន បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តប្រចាំខែសីហា នៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ និងត្រូវបានថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរ អង្គភាពជុំវិញខេត្តនិងរដ្ឋបាលស្រុក-ក្រុង បានរាយការណ៍ជូនសកម្មភាពការងារប្រចាំ ខែសីហា ដោយផ្តោតសំខាន់ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាលទ្ធផលការងារបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ និងស្ថានភាពគ្រោះរាំងស្ងួតជាដើម។
នៅក្នុងខណៈនោះលោក បានជម្រាបជូនថា ខេត្តពោធិ៍សាត់មានសក្តានុពល វិស័យចម្បងសំខាន់ៗដូចជា កសិកម្ម ទេសចរណ៍ រោងចក្រ ដើម្បីងាយស្រួលដល់ភ្ញៀវជាតិ អន្តរជាតិមកទស្សនាប្រជាពលរដ្ឋ មានការងារធ្វើក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ។ កត្តាទាំងអស់នេះទាមទាឲ្យអាជ្ញាធរដែនដី ស្ថាប័នសមត្ថកិច្ចនិងមន្ត្រីជំនាញ គ្រប់ផ្នែក គ្រប់ថ្នាក់កុំយកតួនាទីបានពីរដ្ឋទៅបង្កភាពអនាធិបតេយ្យ ដែលជាហេតុនាំឲ្យបាត់បង់ទាំងធនធានជលផល និងព្រៃឈើ ព្រោះមិនចង់ឃើញពីការវិនាសបាត់នោះឡើយ។
ក្នុងនាមរដ្ឋបាលខេត្ត បានក្រើនរំលឹកដល់មន្ទីរ អង្គភាព និងស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធដូចមន្ទីរកសិកម្មខេត្ត កងរាជអាវុធហត្ថខេត្ត និងរដ្ឋបាលស្រុកជម្រុញបង្កើនការយកចិត្តទុកដាក់ណែនាំ អប់រំទៅតាមវិន័យ រដ្ឋបាលទៅលើមន្ត្រីរបស់ខ្លួនដែលពួករលួយនិងអសមត្ថភាពចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០១៨។
នៅក្នុងឱកាសនោះដែរ លោកក៏បានជម្រាបជូនអំពីការរៀបចំអុំទូកដែលប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងស្ទឹងពោធិ៍សាត់ដោយកីឡាករ-កីឡាការិនី សំលៀកបំពាក់បូរាណចំនួន៧៥០កំប្លែ និងជម្រុញការសាងសង់វេទិកា ឲ្យបានឆាប់រហ័ស ដើម្បីអបអរសាទរព្រះរាជពិធី បុណ្យអុំទូកបណ្តែតប្រទីប និងអកអំបុកនាពេលខាងមុខនេះ ដំណើរការទៅមានភាពរលូន និងជាមុខមាត់របស់ខេត្តពោធិ៍សាត់យើង៕