(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរបស់គណបក្សយុវជនកម្ពុជា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានសម្រេចរៀបចំពាក្យបណ្តឹង ដើម្បីប្តឹងសកម្មជនក្រុមប្រឆាំងម្នាក់ឈ្មោះ អូន វ៉ាន់សាក់ (Oun Vansak) ដែលបានជេរប្រមាថទៅលើមេបក្សរបស់ខ្លួនគឺ លោក ពេជ្រ ស្រស់។ នេះបើតាមការប្រកាសរបស់គណបក្សយុវជនកម្ពុជា នៅលើបណ្តាញសង្គម Facebook។
ការប្រកាសដាក់ពាក្យប្តឹងនេះ បានធ្វើឡើងបន្ទាប់ពីបន្ទាប់គណនី Facebook ឈ្មោះ «Oun Vansak» ដែលប្រើប្រាស់ដោយយុវជនខាងលើនេះបានចូលទៅជេរប្រមាថ លោក ពេជ្រ ស្រស់ បន្ទាប់ពីលោកបង្ហោះលិខិតមួយដើម្បីអបអរ និងទទួលយកតំណែងសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានឋានៈស្មើនឹងទេសរដ្ឋមន្រ្តី របស់រាជរដ្ឋាភិបាលអាណត្តិទី០៦។
គណបក្សយុវជនកម្ពុជា បានប្រកាសយ៉ាងដូច្នេះថា៖ «អគ្គលេខាធិការដ្ឋាន របស់ គណបក្ស យុវជនកម្ពុជា សម្រេចរៀបចំពាក្យបណ្តឹងលើយុវជនប្រើហ្វេសបុកឈ្មោះ Oun Vansak ដែលបានជេប្រាថ និងញុះញង់ឲ្យមានការរើសអើងប្រព្រឹត្តបទល្មើសជាអាថ លើថ្នាក់ដឹកនាំកំពូលរបស់គណបក្សយុវជនកម្ពុជាគឺលោកប្រធាន ពេជ្រ ស្រស់»។
ទោះជាយ៉ាងនេះក្តី បើតាមគណនី Facebook របស់ឈ្មោះ «Oun Vansak», យុវជនរូបនេះ ហាក់មិនខ្លាចចំពោះការប្តឹងរបស់ លោក ពេជ្រ ស្រស់នោះទេ ហើយថែមទាំងជំរុញឱ្យ លោកពេជ្រ ស្រស់ ប្តឹងទៅបុគ្គលមួយចំនួនទៀត ដែលជេរប្រមាថដូចគ្នានេះផងដែរ៕