(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារទួលទំពូង បានចុះត្រួតពិនិត្យទំនិញ និងស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែល ជនខិលខូចមួយចំនួនលួចបញ្ចេញមកលក់ ចែកចាយ លើទីផ្សារ កាលពីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨។
លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូកផែស្ងួតចុងទីភ្នំពេញ ដែលដឹកនាំចុះផ្ទាល់បានឲ្យដឹងថា ប្របតិបត្តិការនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ទៅលើទំនិញ ដូចជា អំបិលអីយ៉ូដ សរសៃមីលឿង លត គុយទាវសរសៃធំ ប្រហិតសាច់គោ ជ្រក់ត្រសក់ មឹក បង្គារ ត្រីងៀត ត្រីបង្ហើម សាច់ក្រក ជាលទ្ឋផលបានរកឃើញសំណល់ថ្នាំសំលាប់សត្វល្អិតនៅក្នុង មើមឆៃថាវត្រូវបានដកហូតទំងន់ ៣,៥ គីឡូូក្រាម កំទេចចោលនៅនឹងកន្លែង និងធ្វើការណែនាំដល់អាជីវករ និងអ្នកប្រើប្រាស់ ស្តីពីសុវត្ថិភាពចំណីអាហារ។
ក្រោយពីការត្រួតពិនិត្យមន្ត្រីជំនាញ ក៏បានយកគំរូបន្លែមួយចំនួន បញ្ជូនទៅរថយន្តពិសោធន៍ចល័ត ដើម្បីរកនៅសារធាតុគីមីហាមឃាត់ផ្សេងទៀត។
ជាមួយគ្នានោះ លោកក៏បានណែនាំដល់ក្រុមអាជីវករទាំងអស់ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលផ្ទុកសារធាតុពុលនិង ម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើមផងដែរ។
លោកក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយលក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ឈប់ការលាយបន្ថែមនូវសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
លោក គង់ វុទ្ធី បន្តថាសកម្មភាពទាំងនេះធ្វើឡើងតាមបទបញ្ជា ប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ដែលគិតអំពីសុវត្ថិភាព និងសុខភាពដល់បងប្អូនប្រជាពលរដ្ឋ ហើយសកម្មភាពនេះគឺបានធ្វើឡើងដូច ភ្លៀងរលឹមយ៉ាងដូច្នេះដែរ៕