(បាត់ដំបង)៖ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ២នាក់ រួមនឹងវត្ថុតាងម៉ាទឹកកក៤ថង់ ទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីកម្លាំងនគរបាលអធិការដ្ឋានស្រុករតនមណ្ឌល ឃាត់ជនសង្ស័យទាំង២នាក់ នៅចំណុចជិតវិទ្យាល័យស្តៅសន្តិភាព ស្ថិតក្នុងភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
មន្រ្តីនគរបាលការិយាល័យជំនាញ បានឲ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជា លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងនគរបាលទទួលបន្ទុកផែនប្រឆាំងបទល្មើស និងមានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងនគរបាលស្រុករតនៈមណ្ឌលបានចុះប្រតិបត្តិការបង្រ្កាប កាលពីវេលាម៉ោង១០៖២០នាទី នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចជិតវិទ្យាល័យស្តៅសន្តិភាព ស្ថិតក្នុងភូមិដង្គត់ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
មន្រ្តីនគរបាលប្រឆាំងគ្រឿងញៀនស្រុក បានដឹកនាំកម្លាំង១ក្រុមចុះបង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី និងឃាត់ខ្លួនបានមនុស្សចំនួន ០២នាក់ ១, ឈ្មោះ មឿត ឌឿន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិពេជ្រចង្វា ឃុំរស្មីសង្ហា ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង និង២, ឈ្មោះ ទ្រី សុខណា (ហៅ ង៉ា) ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ព្រមទាំងរឹបអូសបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស ច្រកក្នុងថង់សថ្លា, សង្ស័យមានសារធាតុញៀនចំនួន ០៤ថង់តូច, ទូរស័ព្ទដៃចំនួន ០២គ្រឿង, ម៉ូតូម៉ាក MSXពណ៌សចំនួន ០១គ្រឿង, បំពង់ធ្វើអំពីកែវ សង្ស័យជាឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០១កំណាត់, ទែម៉ូម៉ែតសម្រាប់វាស់កម្តៅចំនួន ០១,ដបធ្វើអំពីកែវ សង្ស័យជាឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០១,ថង់ប្លាស្ទិកសថ្លាចំនួន ១៣ថង់,បំពង់ប៊ឺតចំនួន ០៨, និងដែកកេះចំនួន ០១ផងដែរ។
បច្ចុប្បន្នមន្រ្តីនគរបាលការិយាល័យជំនាញ នៃស្នងការនគរបាលខេត្តបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ទៅតុលាការខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕