(ភ្នំពេញ)៖ បន្ទាប់ពីការរង់ចាំលទ្ធផលវិសាពីស្ថានទូតកូរ៉េរយៈពេលជិត ២ សប្តាហ៍កន្លងទៅនេះ ថ្ងៃចេញទៅដំណើរកម្សាន្តរបស់អតិថិជនឆ្នើមស្រាបៀរកម្ពុជា ក៏បានមកដល់ អារម្មណ៍រំភើបសប្បាយរីករាយ ក៏បានបញ្ចេញតាមរយៈស្នាមញញឹមរបស់អតិថិជនគ្រប់គ្នា នៅអាកាសយាន្តដ្ឋានអន្តរជាតិពោធិចិនតុងកាលពីយប់មិញ។
លោក ហេង គីមស្រុន អតិថិជនឆ្នើមម្នាក់ក្នុងចំណោមអតិថិជន ១៨0 នាក់របស់ស្រាបៀរកម្ពុជាបានប្រាប់អ្នកសារព័ត៌មានយើងថា 《ខ្ញុំពិតជាមិនដឹងថាត្រូវប្រើពាក្យអ្វី ដើម្បីបកស្រាយពីអារម្មណ៍ដ៏សប្បាយរីករាយមួយនេះ ព្រោះវាជាលើកដំបូងហើយ សម្រាប់ជិវិតរបស់ខ្ញុំ ដែលធ្វើដំណើរទៅក្រៅប្រទេសកំណើតរបស់ខ្ញុំ ហើយកូរ៉េ ជាប្រទេសមួយ ដែលខ្ញុំគិតជាប្រទេសដែលមានការរីកចម្រើនខ្លាំងតាមរយៈមើលទូរទស្សន៍កន្លងមក ទាំងវប្បធម៌ស៊ីវិល័យរបស់គេ សេដ្ឋកិច្ច និង នយោបាយនៅលើឆាកអន្តរជាតិ ហើយខ្ញុំតែងគិតថាមិនដឹងថ្ងៃណាបានទៅលេងទេ បើគ្រាន់តែប្រទេសជិតខាងមិនទាន់ទាំងបានទៅផង។ តែថ្ងៃនេះអ្វីដែលខ្ញុំគិតថាមិនអាចទៅរួចនោះ ស្រាបៀរកម្ពុជាបានបំពេញក្តីស្រម៉ៃរបស់ខ្ញុំហើយ》។
ស្របពេលជាមួយគ្នានេះដែរ លោក Peter អគ្គនាយកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស (Khmer Beverages) បានថ្លែងថា 《ក្នុងនាមខ្ញុំជាថ្នាក់ដឹកម្នាក់របស់ក្រុមហ៊ុន ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានដឹកនាំអតិថិជនឆ្នើមស្រាបៀរកម្ពុជាទៅដើរលេងកម្សាន្តនៅទីក្រុងស៊ូលប្រទេសកូរ៉េ ដែលជាទឹកដីសម្បូរទៅដោយអ្នកសិល្បៈករល្បីៗសម្រាប់ប្រជាជនកម្ពុជា ហើយក៏ជាប្រទេសមួយដែលមានការចម្រើនខ្លាំងទាំងផ្នែកសេដ្ឋកិច្ច បច្ចេកវិទ្យា និង សិល្បៈ។ សម្រាប់ដំណើរកម្សាន្តនេះ ខ្ញុំសង្ឃឹមថាអតិថិជនឆ្នើមស្រាបៀរកម្ពុជានឹងទទួលបាននូវភាពសប្បាយរីករាយជាមួយវប្បធម៌នៃការរស់នៅរបស់ប្រជាជាតិកូរ៉េ ក៏ដូចជាការសម្តែងសិល្បៈដែលយើងបានរៀបចំសម្រាប់បង្ហាញទៅដល់ពួកគាត់ ហើយលើសពីនេះទៅទៀតសង្ឃឹមថាពួកគាត់អាចចាប់យកគំនិតជំនួញមួយចំនួនពីប្រទេសនេះផងដែរ។ ខ្ញុំសង្ឃឹមថា អតិថិជនឆ្នើមស្រាបៀរកម្ពុជា នឹងបន្តគាំទ្រចែកចាយនូវផលិតផលក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស កាន់តែគ្រប់ជ្រុងជ្រោយថែមទៀត》។
សូមបញ្ជាក់ថាដំណើរកម្សាន្តនេះ ជាដំណើរកម្សាន្តទៅក្រៅប្រទេសលើកទី ៣ ហើយបន្ទាប់ពីប្រទេស អឺរ៉ុប និង ឌូបៃ ហើយដំណើរកម្សាន្តបន្ទាប់ គឺទឹកដីដែនកោះហុងកុង ហើយរាល់ការចំណាយសម្រាប់ដំណើរកម្សាន្តទាំងអស់ គឺជាការចំណាយរបស់ក្រុមហ៊ុនទាំងអស់ ដែមានទឹកប្រាក់ប្រមាណជិត ១លាន៣សែនដុល្លារ ឯនោះ។
ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕