(ពោធិ៍សាត់)៖ កម្លាំងចម្រុះស្រុកបាកាន រួមមាននគរបាល កងរាជអាវុធហត្ថ រដ្ឋបាលជលផល មន្ត្រីសហគមន៍នេសាទ បានសហការចុះត្រួតពិនិត្យការនេសាទ ដោយប្រើប្រាសនូវឧបករណ៍ខុសច្បាប់ស្ដីពីជលផល ខណៈនារដូវនេះ ជារដូវបិទនេសាទដោយបានធ្វើកិច្ចសន្យា ឲ្យជនប្រព្រឹត្តល្មើសរុះរើឧបករណ៍ខុសច្បាប់របស់ខ្លួន ត្រឹមរយៈពេល៥ថ្ងៃ។
ប្រតិបត្តិការរបស់កម្លាំងចម្រុះស្រុកខាងលើ ចាប់ផ្ដើមធ្វើនាព្រឹករហូតដល់រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្ទៃទឹកទន្លេមាត់ព្រៃរនាម ត្រង់ចំណុចទំនប់តាប៉ិច ស្ថិតក្នុងភូមិស្ដុកឃ្លោក ឃុំអូរប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
កម្លាំងចម្រុះចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ដោយឃើញមានការនេសាទដោយប្រើប្រាសនូវឧបករណ៍ខុសច្បាប់ ស្ដីពីជលផល ប្រភេទស្បៃមុង ដែលច្បាប់ស្ដីពីជលផលបានហាមឃាត់ជាដាច់ខាត កម្លាំងបានស្រាវជ្រាវ និងស្វែវរកម្ចាស់ដើម្បី ចូលរួមស្ដាប់ការណែនាំ និងបានធ្វើកិច្ចសន្យាបញ្ឈប់ការនេសាទបែបនេះ។ ក្រុមអ្នកនេសាទ សុំធ្វើការរុះរើដោយខ្លួនឯងត្រឹមរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៨ បើពុំដូច្នេះទេនោះនឹងមានវិធានការផ្សេងទៀត។
សមត្ថកិច្ចបានបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើ កម្លាំងបានធ្វើការងារកិច្ចសន្យា ដល់ក្រុមអ្នកប្រើប្រាស់ឧបករណ៍ខុសច្បាប់ បានចំនួន ៥នាក់រួមមាន៖ ឈ្មោះ យឿន សំណាង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ ឡុង ប៉ូ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ជាមេភូមិព្រែកក្រ, ឈ្មោះ វ៉ាត សឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ជាប្រធានសហគមន៍ព្រែកក្រ, ឈ្មោះ សន ដារ៉ា ហៅមោង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ហួត ធួត ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ។ បច្ចុប្បន្នអ្នកទាំងនេះ រស់នៅផ្ទះផែរបណ្ដែតលើផ្ទះទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានដដែលបន្តទៀតថា រយៈពេលការចុះត្រួតពិនិត្យជាក់ស្ដែង ម្ចាស់ប្រព្រិត្តនូវឧបករណ៍ច្បាប់ហាមឃាត់ បានសំណូមពរសុំរុះរើដោយខ្លួនឯង និងមានការឯកភាពពីលោកមេឃុំអូរតាប៉ោង កម្លាំងចម្រុះស្រុកបាកានចុះត្រួតពិនិត្យទាំងអស់ និងមន្ត្រីជំនាញរដ្ឋបាលជលផល បានធ្វើកំណត់ហេតុកិច្ចសន្យារុះរើក្នុងរយៈពេលត្រឹមចំនួន ៥ថ្ងៃទៀតឲ្យអស់៕