(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងនគរបាលជាតិទទួលផែនព្រហ្មទណ្ឌ ជាពិសេស មានការដឹកនាំផ្ទាល់ពីឧត្តមសេនីយ៍ឯក ង៉េង ជូ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌចំការមន ចុះធ្វើការស្រាវជ្រាវ និងតាមបង្ក្រាបចោរប្លន់ម្នាក់ ដែលបានប្រើរថយន្តទៅវាយប្លន់ យកលុយជាង១ម៉ឺនដុល្លារអាមេរិក ពីជនជាតិជប៉ុនម្នាក់។
លោកវរសេនីយ៍ឯក ជីវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះថា ការបង្ក្រាបនេះបានធ្វើឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៊ុន ម៉ៅ មកធ្វើការសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ជាមួយគ្នានេះកម្លាំងនគរបាល បានដកហូតវត្ថុតាងរថយន្តមួយគ្រឿងម៉ាក កាម៉ារីបាឡែន ពណ៌មាស សេរី២០០២ ពាក់ស្លាកលេខភ្នំពេញ 1I-7731។ ក្រៅពីនោះសមត្ថកិច្ច ក៏បានដកហូតបាន ទូរស័ព្ទដៃចំនួន២គ្រឿង និងប្រាក់ចំនួន៩៨០០ដុល្លារអាមេរិក។
លោក ជីវ វិបុល បានឲ្យដឹងទៀតថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង២៖៣០នាទី(ព្រឹក) រំលងអាធ្រាត្រ ជនសង្ស័យបានជិះ រថយន្តមួយគ្រឿងខាងលើ ទៅធ្វើសកម្មភាពវាយប្លន់ ជនរងគ្រោះឈ្មោះ សាកូស៉ី កាដូយ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិជប៉ុន នៅចំណុចផ្ទះលេខ២៣ ផ្លូវលេខ១១៣ កែង៤០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ផ្អែកតាមចម្លើយជនរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង៦៖០០រសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ខ្លួនបានជិះម៉ូតូកង់បី ជាមួយមិត្តភក្តិទៅស៉ីផឹកនៅហាង មីយ៉ាមិ នៅផ្លូវលេខ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រហូតដល់ម៉ោង២៖០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ខ្លួនបានហៅតាក់ស៉ី Passapp។ មួយសន្ទុះក្រោយមក ខ្លួនឃើញជនសង្ស័យ ជិះរថយន្តម៉ាកកាម៉ារី ដែលប្រើប្រព្រឹត្តបទល្មើសមកទទួលខ្លួន ហើយជិះសំដៅទៅកន្លែងស្នាក់នៅ ដែលមានទីតាំងនៅចំណុចផ្ទះលេខ២៣ ផ្លូវលេខ១១៣ កែង៤០៤ សង្កាត់បឹងកេងកងទី២។
បើតាមជនរងគ្រោះ ពេលទៅដល់ផ្ទះ ខ្លួនបានឲ្យប្រាក់៥ដុល្លារអាមេរិក។ ភ្លាមៗនោះ អ្នកតាក់ស៉ីដែលជាជនសង្ស័យ ឃើញខ្លួនមានលុយច្រើន ក៏ប្រតាយប្រតប់ទាញយកកាបូបលុយពីខ្លួន ហើយក៏លូកយកប្រាក់អស់ចំនួន ២ម៉ឺនដុល្លារអាមេរិក រួចឡើងជិះរថយន្ត គេចខ្លួនបាត់។
ផ្អែកតាមចម្លើយរបស់ជនសង្ស័យ ខ្លួនបានសារភាពថា ពិតជាបានធ្វើសកម្មភាពខាងលើមែន ដោយបានប្លន់យកប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិក។ ក្រោយធ្វើសកម្មភាព ខ្លួនបានបើករថយន្តគេចខ្លួនទៅផ្ទះ ហើយយកប្រាក់ទៅលាក់ទុក រហូតដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួនបានតែម្តង។
ករណីខាងលើនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕