(ចិន)៖ សន្និបាតសន្តិសុខ អ៊ីនធើណេតឆ្នាំ២០១៨ បានចាប់ផ្តើមនៅថ្ងៃអង្គារ ក្នុងទីក្រុងប៉េកាំងប្រទេសចិន ដោយមានអ្នកជំនាញផ្នែកសន្តិសុខនែតវឺក (Network) មកពីជុំវិញពិភពលោក ពិភាក្សាគ្នាអំពីបញ្ហាផ្សេងៗដូចជា៖ ហានិភ័យដែលប្រព័ន្ធបច្ចេកវិទ្យាធំ និងបញ្ញានិម្មិតកំពុងជួបប្រទះ ព្រមទាំងវិធីដោះស្រាយការវាយប្រហារ ក្នុងអ៊ីនធើណេតផងដែរ។
ភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ អ៊ីនធើណេតប្រទេសចិន បាននាំឱ្យមានវត្តមានស្ទើរគ្រប់ផ្នែក នៃវិស័យប្រើប្រាស់ និងវិស័យឧស្សាហកម្មទៅហើយ។ រោងចក្រ និងអគារសំខាន់ៗកាន់តែច្រើនឡើងៗ សុទ្ធតែមានភ្ជាប់បណ្តាញអ៊ីនធើណេត ដែលនាំមកនូវអត្ថប្រយោជន៍ដ៏អស្ចារ្យ សម្រាប់ជួយដល់វិស័យដឹកជញ្ជូន និងសារគមនាគមន៍។
ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ អ៊ីធើណេតនេះ ក៏មានការប្រឈមនឹងបញ្ហាខ្ពស់ដូចជា៖ ការលួចចូលប្រើកុំព្យូទ័រ ដែលហៅថា Hack ព្រមទាំងបទល្មើសក្នុងអ៊ីនធើណេត ជាច្រើនទៀត។ ឯចំនួនអ្នកជំនាញផ្នែកសន្តិសុខ ដែលអាចជួយការពារមនុស្ស និងក្រុមហ៊ុនវិញក៏មានមិនទាន់គ្រប់គ្រាន់ដែរ។
លោក ឈី សៀងតុង អនុប្រធានសន្និបាតសន្តិសុខអ៊ីនធើណេត បានឲ្យដឹងថា សន្តិសុខ Network កាន់តែសំខាន់ទៅៗ ដោយឈានដល់កម្រិតសំខាន់ៗជាច្រើនដូចជា៖ សន្តិសុខជាតិ, សន្តិសុខការពារជាតិ និងសន្តិសុខអាជីវកម្មទៀតផង។ បច្ចុប្បន្ននេះ មានបញ្ហាសន្ដិសុខ Network ច្រើនណាស់ដែលឲកើតឡើង។
លោកបានបន្ដទៀតថា មិនមែនតែ Network របស់ពលរដ្ឋសាមញ្ញមួយមុខទេ ដែលមានគេវាយប្រហារនោះ សូម្បីតែ Network របស់ស្ថាប័នរដ្ឋាភិបាល ក៏មានគេ Hack មិនឈប់នោះដែរ។ ចំណែកឯអ្នកជំនាញ ដោះស្រាយបញ្ហាលើវិស័យនេះវិញ មានតិចតួចណាស់។
លោកបានបន្ដទៀតថា កាលពីឆ្នាំមុនចំនួនអ្នកជំនាញផ្នែកនេះ ដែលបានសិក្សា និងឈានជើងលើទីផ្សារ មានប្រមាណតែ៣ម៉ឺននាក់ប៉ុណ្ណោះ ហើយកាលពីឆ្នាំនោះដែរ តម្រូវការទីផ្សារមានតម្លៃតែ៧សែន ឬ១លានដុល្លារប៉ុណ្ណោះ។
សូមបញ្ជាក់ថា ប្រទេសចិនកំពុងខិតខំបង្កើតបទបញ្ញត្តិសំខាន់ៗ សម្រាប់ការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន និងប្រព័ន្ធព័ត៌មាន ដែលពាក់ព័ន្ធនឹងសន្តិសុខជាតិ សន្តិសុខសេដ្ឋកិច្ច និងសន្តិសុខសង្គម។ បទបញ្ញត្តិការពារបែបនេះ នឹងក្លាយជាកំលាំងរុញច្រានដ៏សំខាន់ សម្រាប់សន្តិសុខ Network របស់ចិន៕ (សារព័ត៌មាន CCTV របស់ចិន)