(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់ដល់ផលិតផលក្នុងស្រុក ឲ្យកាន់តែមានភាពរីកចម្រើន លើគ្រប់វិស័យនោះ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ក្នុងឱកាសបុណ្យសមុទ្រ នាពេលចុងឆ្នាំ២០១៨នេះ ក្រោមប្រធានបទ «យុទ្ធនាការទិញផលិតផលខ្មែរ» ក្នុងគោលបំណងប្រមូលកៀងគរផលិតផលខ្មែរ មានគុណភាពខ្ពស់ មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ មានការវេចខ្ចប់បានល្អត្រឹមត្រូវ អនុលោមតាមស្តង់ដារផលិតកម្ម ពីគ្រប់ទិសទីនៅទូទាំងប្រទេស មកដាក់តាំងបង្ហាញ នៅក្នុងខេត្តកោះកុងផងដែរ។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា សម្រាប់ពិព័រណ៍ពាណិជ្ជកម្ម ដែលនឹងរៀបចំចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ គឺក្នុងយុទ្ធសាស្រ្តជួយជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុកឲ្យមានការទទួលស្គាល់ និងចូលរួមប្រើប្រាស់កាន់តែទូលំទូលាយនៅទូទាំងប្រទេស។
សូមរំលឹកផងដែរថា ការរៀបចំពិព័រណ៍នេះ ក្នុងគោលបំណងទូងស្គរពញ្ញាក់ស្មារតីមហាជនទូទៅ ឲ្យងាកមកគាំទ្រ និងប្រើប្រាស់ ផលិតផលក្នុងស្រុកឲ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរ៕