(សៀមរាប)៖ គណៈកម្មការមូលបត្រកម្ពុជា (SECC) ក្នុងនាមជាសហប្រធាននៃក្រុមការងារអភិវឌ្ឍន៍ទីផ្សារមូលបត្រ នៃវេទិកាទីផ្សារមូលធនអាស៊ាន (A-MDP) រួមជាមួយគណៈកម្មការមូលបត្រម៉ាឡេស៊ី (SCM) នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីរៀបចំសិក្ខាសាលាស្តីពី «សញ្ញាបណ្ណសាជីវកម្ម» សម្រាប់ក្រុមហ៊ុនប្រកបអាជីវកម្មក្នុងវិស័យមូលបត្រនៅកម្ពុជា និងស្ថាប័នពាក់ព័ន្ធផ្សេងៗ។
កម្មវិធីនេះ បានរៀបចំឡើងនៅរមណីយដ្ឋានសុខាសៀមរាប និងមជ្ឈមណ្ឌលសន្និសីទ ខេត្តសៀមរាប ក្រោមអធិបតីភាពលោក Sivalingam Navaratnam តំណាងឱ្យសហប្រធាននៃក្រុមការងារ A-MDP ដោយមានការចូលរួមពីសិក្ខាកាមមកពី SECC និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក៏ដូចជាបុគ្គលទទួលបន្ទុកលើការរៀបចំបោះផ្សាយលក់មូលបត្រ របស់ក្រុមហ៊ុនបោះផ្សាយ ដូចជាក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់ និងក្រុមហ៊ុនផ្តល់សេវាសវនកម្ម។
កម្មវិធីសិក្ខាសាលានេះ បានរៀបចំឡើងក្នុងទិសដៅ ដើម្បីអភិវឌ្ឍទីផ្សារសញ្ញាបណ្ណសាជីវកម្ម និងលើកកម្ពស់ការយល់ដឹង ពាក់ព័ន្ធនឹងជម្រើសហិរញ្ញប្បទានតាមរយៈ ការបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្ម ដោយបានផ្តោតជាសំខាន់ទៅលើ៖
១៖ ទីផ្សារមូលធន និងហិរញ្ញវត្ថុ។
២៖ តួនាទីរបស់ភ្នាក់ងារវាយតម្លៃលទ្ធភាពសង និងក្រុមការងារយន្តការធានាឥណទាន និងវិនិយោគ និងនីតិវិធីនៃការយល់ព្រមធានាឥណទានសម្រាប់ក្រុមហ៊ុនបោះផ្សាយ។
៣៖ ដំណើរការនៃការទទួលស្គាល់ក្រុមហ៊ុនចុះបញ្ជីពី SECC ជាដើម ព្រមទាំង បានធ្វើបទបង្ហាញដោយវាគ្មិនជំនាញៗ មកពីប្រទេសសិង្ហបុរី ប្រទេសម៉ាឡេស៊ី ប្រទេសថៃ ប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាស្ថាប័នអន្តរជាតិនានា ដែលមានបទពិសោធន៍យូរឆ្នាំ៕