(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ នាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទចំនួន៣រូប ត្រូវដំឡើងឋានន្តរស័ក្តិ និងប្រកាសតែងតាំងឲ្យចូលកាន់ តំណែងជាផ្លូវការ សម្រាប់អាណត្តិទី៦ថ្មីនេះ។
នាយទាហានជាន់ខ្ពស់ទាំង៣រូប ដែលត្រូវប្រកាសឱ្យកាន់តំណែងកំពូលៗរបស់កងទ័ព នៃប្រទេសកម្ពុជា រួមមាន៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក។
ក្នុងចំណោមនាយទាហានជាន់ខ្ពស់ទាំង៣រូបនេះ មាននាយទាហានម្នាក់ដែលធ្វើឲ្យមានការភ្ញាក់ផ្ញើល និងមានការជជែកតៗគ្នា ពីមជ្ឈដ្ឋានទូទៅ ជាពិសេសក្នុងជួរកងទ័ពតែម្តង គឺការតែងតាំងលោកលោកឧត្តមសេនីយ៍ឯក វង្ស ពិសេន ជាអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
មុនមកកាន់តួនាទីជាមេទ័ពកំពូលរបស់ជាតិ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន គឺជាមេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសតាំងពីឆ្នាំ២០០៧ មកម្ល៉េះ។
តើមេបញ្ជាការកងទ័ពរូបនេះគឺជានរណា? អង្គភាពព័ត៌មាន Fresh News សូមសង្ខេបប្រវត្តិការងារ និងភារកិច្ចខ្លះៗរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ដូចខាងក្រោមនេះ៖
* កើតនៅឆ្នាំ១៩៥៧ នៅភូមិលេខ១ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង កុមារា វង្ស ពិសេន មានឪពុកឈ្មោះ ម៉ម ពេញវង្ស ជាគ្រូបង្រៀន និងម្តាយមានឈ្មោះ សេក យ៉ាន់ ជាមេផ្ទះ។
* លោក វង្ស ពិសេន មានភរិយាឈ្មោះ កែវ បូរី និងមានកូនចំនួន៣នាក់ កូនប្រុសពីរ និងស្រីម្នាក់ កូនប្រុសទី១៖ មានឈ្មោះ វង្ស សេនពិសិដ្ឋ, កូនស្រីទី២៖ វង្ស សេនពិសី និងកូនប្រុសពៅ វង្ស សេនវិស្សុត។
នៅជំនាន់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ និងជំនាន់ លន់ ណុល កុមារា វង្ស ពិសេន បានសិក្សារៀនសូត្រ នៅវិទ្យាល័យព្រៃវែង។ លុះនៅសម័យ ប៉ុល ពត លោកត្រូវបានឲ្យធ្វើជាកងចល័តនៅ ស្រុកស្វាយដូនកែវ ខេត្តពោធិ៍សាត់។ នៅសម័យរដ្ឋកម្ពុជាលោកបានចូលធ្វើជាកងទ័ព និងបច្ចុប្បន្នជាមន្រ្តីជាន់ខ្ពស់នៃកងរាជអាវុធលើផ្ទៃប្រទេស។
*សម្រាប់កម្រិតវប្បធម៌ និងការសិក្សាវិញលោក វង្ស ពិសេន រៀនចប់ថ្នាក់ទី០១ចាស់ និងត្រូវបានបញ្ជូនទៅរៀននៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
* នៅឆ្នាំ១៩៧៩ លោក វង្ស ពិសេន បានចូលបម្រើកងទ័ព នៅឆ្នាំ១៩៨០ លោកត្រូវបានតែងតាំងជាប្រធានក្រុម
* នៅឆ្នាំ១៩៨១ លោកជាសិក្ខាកាមអាកាសចរណ៍ និងជាប្រធាន ខ ជំនួយការប្រធានការិយាល័យសេនាជនខេត្តព្រៃវែង
* នៅឆ្នាំ១៩៨៤ លោក វង្ស ពិសេន ត្រូវបានតែងតាំងជាអនុមន្ទីរសេនាធិការយោធាខេត្តព្រៃវែង
* នៅឆ្នាំ១៩៨៧ លោក វង្ស ពិសេន ត្រូវបានតែងតាំងជាប្រធានមន្ទីរសេនាធិការយោធាខេត្តព្រៃវែង
* នៅឆ្នាំ១៩៨៩ លោក វង្ស ពិសេន ត្រូវបានតែងតាំងជាមេបញ្ជាការរងយោធាខេត្តព្រៃវែង ថ្នាក់អនុសេនីយ៍ឯក
* នៅឆ្នាំ១៩៩១ លោក វង្ស ពិសេន ត្រូវបានតែងតាំងជាអនុបញ្ជាការ F286 ថ្នាកវរសេនីយ៍ត្រី
* នៅឆ្នាំ១៩៩៥ លោក វង្ស ពិសេន ត្រូវបានតំឡើងឋានរសក្តិពីវរសេនីយ៍ទោ រហូតដល់វរសេនីយ៍ឯក និងតែងតាំងជាមេបញ្ជាការយោធាខេត្តព្រៃវែង
* នៅឆ្នាំ១៩៩៩ លោក វង្ស ពិសេន ត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ
* ឆ្នាំ២០០១ លោក វង្ស ពិសេន ត្រូវបានប្រកាសបន្ថែម ជាមេបញ្ជាការកងរាជអាវុធហ្ថរាជធានីភ្នំពេញ
* នៅឆ្នាំ២០០៣ លោក វង្ស ពិសេន ត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធលើផ្ទៃប្រទេស ថ្នាក់ឧត្តមសេនីយ៍ទោ និងចាប់ពីឆ្នាំ២០០៧ បន្ទាប់មកលោកត្រូវបានតែងតាំងជាមេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវបុធលើផ្ទៃប្រទេស ថ្នាក់ឧត្តមសេនីយ៍ឯក៕