(ភ្នំពេញ)៖ ក្នុងសម័យប្រជុំជាលើកដំបូងនៃគណៈរដ្ឋមន្ត្រីនីតិកាលទី៦ នៃរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវមូលហេតុធំៗជាច្រើន ដែលនាំឲ្យសម្តេចសម្រេចិត្តមិនផ្លាស់ប្តូររដ្ឋមន្ត្រីនៅតាមក្រសួងទាំង២៨ ក្នុងអាណត្តិថ្មីនេះ។ ការបង្ហាញមូលហេតុនេះ ដើម្បីឆ្លើយតបការងឿងឆ្ងល់ និងការរិះគន់មួយចំនួនជុំវិញការមិនផ្លាស់ប្តូរសមាសភាពរដ្ឋមន្ត្រីនេះ។
នៅចំពោះសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី ក៏ដូចជាការផ្សាយផ្ទាល់តាមបណ្តាញផ្សព្វផ្សាយនានាផង សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ប្រសិទ្ធភាពនៃការធ្វើកំណែទម្រង់មិនមែនពឹងផ្អែកលើការផ្លាស់ប្តូររដ្ឋមន្ត្រីនោះទេ ផ្ទុយទៅវិញប្រសិទ្ធភាពនៃការធ្វើកំណែទម្រង គឺត្រូវពឹងផ្អែកទៅលើប្រសិទ្ធភាពនៃការប្រឹងប្រែងធ្វើការងាររបស់មន្ត្រីបម្រើជាតិ និងប្រជាជន។ សម្តេចបន្ថែមទៀតថា ការធ្វើកំណែទម្រង់ដោយការផ្លាស់ប្តូរមនុស្សប្រៀបដូចជាការធ្វើអត្តឃាតខ្លួនឯងទៅវិញ។
សម្តេចនាយករដ្ឋមន្ត្រីអាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានគេប្រសិទ្ធនាមជាបុរសខ្លាំង បានលើកបង្ហាញទៀតថា ការអនុវត្តន៍នយោបាយផ្លាស់ប្តូរមនុស្សនេះ បានធ្វើឲ្យគណបក្សនយោបាយមួយចំនួនត្រូវបានទទួលបរាជ័យ។
ក្រៅពីមូលហេតុខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជោគជ័យលើការបោះឆ្នោតដោយទទួលបានការគាំទ្រច្រើនលើសលុបពីប្រជាពលរដ្ឋក្នុងអាណត្តិនេះ មិនមែនបានមកដោយសារសម្តេចម្នាក់ឯងនោះទេ តែគឺបានមកពីការរួមចំណែកពីគ្រប់កោសិកានៃគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចធ្លាប់បានធ្វើការជាមួយមនុស្សតែ៥នាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នបានកើនឡើងរាប់រយនាក់ ដោយសារតែសម្តេចបានប្រកាន់យកនូវនយោបាយ «រក្សាកម្លាំងចាស់ បង្កើនកម្លាំងថ្មី»។ នយោបាយនេះ ក៏បានជួយឲ្យសម្តេចឈ្នះគ្រប់សមរភូមិសង្គ្រាមផងដែរ។
ក្រោយពីស្តាប់នូវមូលហេតុចម្បងៗទាំងនេះហើយ នាំឲ្យមន្រ្តីទាំងនៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រី និងអ្នកបានទស្សនាតាមការផ្សាយផ្ទាល់របស់ប្រព័ន្ធផ្សព្វផ្សាយនានា មានការគោរព និងកោតស្ញប់ស្ញែងជាខ្លាំងចំពោះទឹកចិត្តប្រកបដោយគុណធម៌ និងសុភនិច្ឆ័យរបស់សម្តេចតេជោ ហ៊ុន សែន។
លោកឧកញ៉ាផាសុកបណ្ឌិត គាង សេង ដែលបានតាមដានទស្សនា និងស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងតាមរយៈទូរទស្សន៍ Fresh News ពីប្រទេសឥណ្ឌា បានលើកឡើងថា បន្ទាប់ពីបានស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក៏ធ្វើឲ្យរូបលោកអស់មន្ទិលជុំវិញការរៀបចំក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលអាណត្តិថ្មីរបស់សម្តេចតេជោ។ ជាពិសេស បានធ្វើឲ្យលោកមានការភ្ញាក់ផ្អើល និងស្ញប់ស្ញែងជាខ្លាំងចំពោះទឹកចិត្តប្រកបដោយគុណធម៌ដ៏មហិមារបស់ប្រមុខដឹកនាំជាតិកម្ពុជារូបនេះ។
អ្វីដែលធ្វើឲ្យលោក គាង សេង ពេញចិត្តខ្លាំងជាងគេនោះ គឺនយោបាយ «រក្សាកម្លាំងចាស់ បង្កើនកម្លាំងថ្មី»។ លោកថា នយោបាយនេះ គឺជានយោបាយពោរពេញដោយសុទ្ធសាស្ត្រ និងត្រឹមត្រូវបំផុត ដែលនាំឲ្យសម្តេចតេជោ ទទួលបានជោគជ័យយ៉ាងធំក្នុងការដឹកនាំទាំងក្របខណ្ឌបក្ស និងក្របខណ្ឌប្រទេសជាតិផងដែរ។ លោកបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំបាទក្នុងនាមប្រជាពលរដ្ឋម្នាក់ដែលស្រឡាញ់សន្តិភាពសូមគាំទ្រយ៉ាងពេញទំហឹងនូវយុទ្ធសាស្ត្រដ៏ពោពេញដោយភាពត្រឹមត្រូវនេះ ដោយក្តីគោរពស្រឡាញ់»។
ឧកញ៉ាផាសុខបណ្ឌិត គាង សេង បានបង្ហាញការជឿជាក់ថា ជាតិកម្ពុជាក្រោមការដឹកនាំរបស់មេដឹកនាំដែលពោរពេញដោយទឺកចិត្តគុណធម៌ និងព្រហ្មវិហារធម៌នៅក្នុងអាណត្តិថ្មីនេះ នឹងបន្តធ្វើឲ្យជាតិកម្ពុជាបន្តរីកចម្រើនរុងរឿងទៅមុខកាន់តែខ្លាំងក្លា ហើយប្រជាពលរដ្ឋកម្ពុជានឹងកាន់តែទទួលបាននូវសេចក្តីសុខផងដែរ។
ក្រៅពីឧកញ៉ាផាសុខបណ្ឌិត គាង សេង នៅមានមន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរផងដែរ បានបង្ហាញកោតសរសើរ និងស្ញប់ស្ញែងចំពោះទឹកចិត្តពោរពេញដោយគុណធម៌ ព្រហ្មវិហារធម៌ និងការសណ្តោសប្រណីរបស់សម្តេចតេជោ ហ៊ុន សែន ដែលនាំឲ្យសម្តេចសម្រេចបាននូវជោគជ័យក្នុងការដឹកនាំរបស់សម្តេចផងដែរ៕