(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថ្មីនៃរាជរដ្ឋាភិបាលអាណត្តិទី៦ បានក្រើនរំឭកដាស់តឿនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ថា ក្រោយពីការរៀបចំសមាសភាពរាជរដ្ឋាភិបាលថ្មីរួចទៅ ប្រជាពលរដ្ឋប្រាកដជាកំពុងរង់ចាំមើលសកម្មភាពរបស់រាជរដ្ឋាភិបាល ថាតើបានតបស្នងចំពោះពួកគាត់ដែរឬទេ ហើយសាកសមនឹងការបោះឆ្នោតគាំទ្រ និងបំណងប្រាថ្នារបស់ពួកគាត់ដែរឬទេ។
ជាការពិតណាស់ ប្រទេសណាក៏ដូចប្រទេសណាដែរ ក្រោយពីការបោះឆ្នោតកន្លងផុតទៅ ពិសេសក្រោយការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលរួចហើយ ប្រជាពលរដ្ឋម្ចាស់ឆ្នោតប្រាកដជារង់ចាំសង្កេតមើលការបំពេញការងាររបស់មន្ត្រី នៃរដ្ឋាភិបាលថ្មីជាក់ជាមិនខាន។ ហេតុដូច្នេះហើយទើបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា មិនបានខកខានឡើយនូវការជំរុញណែនាំជាប់ប្រចាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ឱ្យត្រូវខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យបានល្អជាទីបំផុត។
ជាថ្មីម្ដងទៀត ពោលគឺនៅក្នុងកិច្ចប្រជុំពេញអង្គលើកដំបូង នៃគណៈរដ្ឋមន្ដ្រីអាណត្តិទី៦ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅវិមានសន្ដិភាព នាយករដ្ឋមន្ត្រីដែលពោរពេញទៅដោយបទពិសោធន៍ដឹកនាំប្រទេស ប្រកបដោយសុខសន្តិភាពរូបនេះ បានដាស់តឿនជាថ្មីថា ប្រជាពលរដ្ឋកម្ពុជាបានបោះឆ្នោតផ្ដល់ជំនឿទុកចិត្ត មកលើគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសជាតិ និងបម្រើប្រជាពលរដ្ឋ ក្នុងរយៈពេល៥ឆ្នាំបន្តទៀត។ ទំនុកចិត្តនេះ ជាការលើកទឹកចិត្តដ៏មហិមាចំពោះការងារ របស់រាជរដ្ឋាភិបាល ដែលមានកាតព្វកិច្ចរែកពន់ការទទួលខុសត្រូវ ដើម្បីធានាឱ្យបាននូវសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព សម្រាប់បំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។
សម្ដេចតេជោបានបន្តថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាធារណៈទាំងអស់គ្នា ត្រូវប្ដេជ្ញាប្រឹងប្រែងបំពេញការងារឱ្យបានល្អបំផុត និងឱ្យអស់ពីសមត្ថភាព ក្នុងនាមជាសហសេវិកនៃរាជរដ្ឋាភិបាល ដែលប្រកបដោយសាមគ្គីភាព កិច្ចសហការល្អ និងសុខដុមរមនា ដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅចំពោះមុខ សំដៅឆ្លើយតបចំពោះទំនុកចិត្ត និងបំពេញនូវបេសកកម្មនេះដោយមិនរុញរា។
សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា ថ្វីដ្បិតសមត្ថភាពបុគ្គលម្នាក់ៗមានព្រំដែនកំណត់រៀងៗខ្លួនក៏ពិតមែន ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋដោយស្មោះ ពិតជាគ្មានដែនកំណត់ទេ ដូច្នេះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ត្រូវរួមសាមគ្គីជាធ្លុងមួយក្នុងការបម្រើប្រជាពលរដ្ឋរបស់ខ្លួន ដែលបញ្ហានេះពិតជាគ្មានការពិបាក និងគ្មានឧបសគ្គណាដែលមន្ត្រីមិនអាចពុះពារបានឡើយ។
ក្នុងស្មារតីនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ត្រូវជំរុញអនុវត្តនូវសកម្មភាពឱ្យប្រទាក់ក្រឡាគ្នា ប្រកបដោយចីរភាពជាប់មិនដាច់នៅគ្រប់ការដ្ឋានទាំងអស់ ដើម្បីសម្រេចបាននូវវឌ្ឍនភាពនៅក្នុងបេសកកម្មនេះ។ គ្មានគោលដៅអ្វីសំខាន់ជាងគោលដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនោះទេ ហើយក៏គ្មានភារកិច្ចអ្វីដែលត្រចេះត្រចង់ជាងនេះដែរ។
ប្រសាសន៍គន្លឹះរបស់ប្រមុខរាជរដ្ឋាភិបាល គឺមានអត្ថន័យយ៉ាងដូច្នេះថា «នៅក្នុងការបោះឆ្នោតលើកនេះ ប្រជាជនកម្ពុជាទាំងមូលបានផ្ដល់ការទុកចិត្ត ជាប្រវត្តិសាស្ត្រដ៏ធំធេងបំផុតដល់យើងទាំងអស់គ្នា ដូច្នេះការទន្ទឹងរង់ចាំទទួលពីយើងទាំងអស់គ្នាទៅវិញ នូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទៅនឹងបំណងប្រាថ្នារបស់ប្រជាជនដែលជាម្ចាស់ឆ្នោត ពិសេសតាមរយៈការអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណនេះ គឺពិតជាមានកម្រិតខ្ពស់បំផុតដូចគ្នាដែរ»។
ពិសេសលើសពីនេះ សម្ដេចបានសង្កត់ធ្ងន់ថា «ប្រជាជនកម្ពុជានឹងចងចាំយើង ហើយបន្តជឿលើយើង គឺមិនមែនតែដោយសារវោហារសាស្ត្ររបស់យើងនោះទេ ប៉ុន្តែគឺដោយសារស្នាដៃជាក់ស្ដែង និងសមិទ្ធផលសំខាន់ៗដែលយើងសម្រេចបាន។ យើងមិនត្រូវធ្វើឱ្យប្រជាជនខកចិត្ត ដោយសារទង្វើអសកម្ម និងអំពើខុសឆ្គងរបស់យើងនោះទេ, ប្រសិនបើមិនបានជួយអ្វីដល់ប្រជាជន សូមមេត្តាកុំធ្វើឱ្យប្រជាជនស្រក់ទឹកភ្នែក ទទួលរងការឈឺចាប់ និងរងគ្រោះដោយសារទង្វើខុសឆ្គងរបស់មន្ត្រីយើង»។
មួយទៀតសោត សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់សហសេវិកទាំងអស់នៃរាជរដ្ឋាភិបាល ត្រូវយកយុទ្ធសាស្ត្រទាំងនេះទៅអនុវត្តប្រកបដោយទឹកចិត្តស្មោះត្រង់ និងឆន្ទៈប្ដូរផ្ដាច់បំផុត ខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញា ដោយស្មារតីប្រុងប្រយ័ត្ន ដឹកនាំស្ថាប័នខ្លួនឱ្យបានល្អ ដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធភាព ខិតខំកែប្រែនូវអាកប្បកិរិយា និងទម្លាប់ការងារមិនល្អចោល ហើយត្រូវរក្សាទំនាក់ទំនងល្អ យកចិត្តទុកដាក់ចំពោះប្រជាជន និងចុះជាប់ជួយប្រជាពលរដ្ឋ៕