(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា បានជូនដំណឹងដ៏ពិសេសមួយសម្រាប់មន្ត្រីរាជការ និងនិវត្តជន នោះគឺរាជរដ្ឋាភិបាលថ្មីនឹងចំណាយថវិកាជាតិជាង ៧លានដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភដល់មន្ត្រីរាជការសាធារណៈ អតីតយុទ្ធជន និងនិវត្តជននៅទូទាំងប្រទេស ដោយក្នុងម្នាក់ទទួលបានថវិកាឧបត្ថម្ភចំនួន ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ។
ការថ្លែងបែបនេះរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលថ្មី ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គលើកដំបូង នៃគណៈរដ្ឋមន្ដ្រីអាណត្តិទី៦ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅវិមានសន្ដិភាព។
ជាមួយនឹងការប្ដេជ្ញាចិត្តក្នុងការបន្តអភិវឌ្ឍន៍កម្ពុជាឱ្យមានការរីកចម្រើនទៅមុខ ជាមួយនឹងការកសាងកំពែងការពារសុខសន្តិភាពដ៏រឹងមាំផងនោះ សម្ដេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កម្មករនិយោជិត ក៏ដូចជាមន្ត្រីរាជការ អតីតយុទ្ធជន និងនិវត្តជនផងដែរ។
ជាក់ស្ដែង ការឧបត្ថម្ភថវិកាលើកទឹកចិត្តដល់មន្ត្រីរាជការ អតីតយុទ្ធជន និងនិវត្តជននៅទូទាំងប្រទេសយ៉ាងដូច្នេះ ក៏ជាផ្នែកដ៏សំខាន់មួយក្នុងការលើកកម្ពស់ជីវភាពមន្ត្រីរាជការ អតីតយុទ្ធជន និងនិវត្តជន ខណៈប្រាក់បៀវត្សរបស់មន្ត្រីរាជការ កម្មករនិយោជិតនៅទូទាំងប្រទេសត្រូវបានដំឡើងជាបន្តបន្ទាប់៕