(ប៊្រុយណេ)៖ នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំគណៈប្រតិភូនគរបាលកម្ពុជា ចូលរួមកិច្ចប្រជុំអាស៊ានណាប៉ូល (Asenapol) លើកទី៣៨ ដែលប្រារព្ធធ្វើឡើងនៅប្រទេសប្រ៊ុយណេ ដែលស្ថិតក្រោមព្រះរាជាធិបតីភាព ព្រះចៅ Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah ។
សន្និសីទអាស៊ានណាប៉ូលលើកទី៣៨នេះ បានអនុម័ត១១ចំណុចសំខាន់ៗ ដូចខាងក្រោម៖
១៖ ចក្ខុវិស័យ និងបេសកកម្មរបស់អាស៊ានណាប៉ូល។ ចក្ខុវិស័យ គឺទាំងអស់គ្នាដើម្បីរក្សាសុវត្ថិភាពក្នុងតំបន់។ បេសកកម្មសំដៅការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ធកម្មឆ្លងដែនគ្រប់ប្រភេទតាមរយៈ កិច្ចទំនាក់ទំនងយ៉ាងស្អិតរមួត និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនគរបាល ប្រកបដោយភាពរស់រវើក និងច្នៃប្រឌិត។
២៖ ដំណោះស្រាយសម្រាប់បណ្តាញវិទ្យាសាស្រ្តកោសល្យវិច្ច័យនគរបាលអាស៊ាន សម្រាប់ផ្ទុកទិន្ន័យអត្តសញ្ញាណជនរងគ្រោះមហន្តរាយ និងការស្រាវជ្រាវទីតាំងកើតហេតុ។
៣៖ លេខាធិការដ្ឋានអាស៊ានណាប៉ូល គ្រប់គ្រងលើប្រព័ន្ធទិន្នន័យ e-ADS2.0 ។
៤៖ គោលការណ៍ណែនាំ សម្រាប់រៀបចំសន្និសីទអាស៊ានណាប៉ូល។
៥៖ ការដកចេញនូវ Asean-WEN ជាអ្នកសង្កេតការណ៍ នៃសន្និសីទអាស៊ានណាប៉ូល។
៦៖ សំណើថវិកាវិភាគទានប្រចាំឆ្នាំអាស៊ាន របស់លេខាធិការដ្ឋានអាស៊ានណាប៉ូលសម្រាប់ឆ្នាំ២០១៩ មានទឹកប្រាក់ចំនួន ១៩.០០០ ដុល្លារអាមេរិក។
៧៖ ពន្យាពេលនៃការកាន់តំណែងលោក Aidah Othman ជំនួយការស្នងការនគរបាល Malaysia ជានាយកផែនការ និងកម្មវិធីរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។
៨៖ ដំឡើង Europol ក្លាយជាដៃគូសន្ទនាជាមួយ អាស៊ានណាប៉ូល (Asenapol)។
៩៖ លេខាធិការដ្ឋានអាស៊ានណាប៉ូលបង្កើតទំនាក់ទំនងរីកចម្រើន និងកិច្ចសហប្រតិបត្តិការជាមួយ RATS-SCO (Regional Anti-Terrorism Structure of Shanghai Cooperation)។
១០៖ ការធ្វើវិសោធនកម្មគោលការណ៍ណែនាំ សម្រាប់ទទួលយកអ្នកសង្កេតការណ៍ និងដៃគូសន្ទនាជាមួយអាស៊ានណាប៉ូល។
១១៖ លំហាត់អនុវត្តរួមក្នុងចំណោមប្រទេសជាសមាជិកអាស៊ានណាប៉ូល នៅលើការទំនាក់ទំនង និងការសំរបសំរួលពិធីសារ សម្រាប់ការគ្រប់គ្រងវិបត្តិ៕
លើសពីនេះទៀត ក្រសួងសន្តិសុខសារធាណៈវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះសំរាប់រៀបចំកិច្ចប្រជុំអាស៊ានណាប៉ូលលើកទី៣៩។