(ភ្នំពេញ)៖ ដើម្បីផ្ដល់ឱកាសការងារ ដល់និស្សិតទើបបញ្ចប់ការសិក្សា និងអ្នកដែលកំពុងស្វែងរកការងារ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (NEA) បានរួមសហការជាមួយ ក្រុមហ៊ុនក្នុងស្រុកប្រមាណជាង១០ក្រុមហ៊ុន រៀបចំវេទិកាការងារ ដើម្បីផ្ដល់ឱកាសការងារជិត១ពាន់កន្លែង។
តោះកុំភ្លេចទៅចូលរួម ឲ្យបានច្រើនកុះករ វេទិកាការងារ ដែលរៀបចំឡើងដោយ NEA និងក្រុមហ៊ុនជាង១០នេះ នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខ។
សម្រាប់អ្នកដែលចង់រកការងារធ្វើ សូមត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីមកដាក់ពាក្យ និងសម្ភាសន៍ដោយផ្ទាល់ ជាមួយបណ្តាក្រុមហ៊ុនជាច្រើនរួមមាន៖ ធនាគារ CIMB, ក្រុមហ៊ុន តែ អៀកហុង អិនធើប្រាយ, ក្រុមហ៊ុន Ming Wouy Group , ក្រុមហ៊ុន Worldbridge , ធនាគារ កាណាឌីយ៉ា,
ក្រុមហ៊ុន Opennet, ក្រុមហ៊ុន Seatel, ក្រុមហ៊ុន TH F&B, ក្រុមហ៊ុន ICE Eletronics និងក្រុមហ៊ុន Metfone ។ ចាប់ផ្តើមពីម៉ោង៨ព្រឹកដល់ម៉ោង ៥ល្ងាច នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញឲ្យដឹងថា «ក្នុងខែកញ្ញានេះ NEA នឹងសហការជាមួយ បណ្តាក្រុមហ៊ុនធំៗ ដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិករៀបចំវេទិកាការងារ ចំនួន២ដងបន្ថែមទៀត ដើម្បីផ្តល់នូវឱកាសការងារ និងកម្មសិក្សាការងារដល់សិស្សនិស្សិត និងអ្នកស្វែងរកការងារធ្វើ»។
លោកបានបន្ដទៀតថា បច្ចុប្បន្ននេះទោះបីជាសេវា ស្វែងរកការងារ និងជ្រើសរើសបុគ្គលិក ជូនបណ្តាលក្រុមហ៊ុន មិនទាន់មានភាពល្អប្រសើរ១%ក៏ដោយក៏ NEA នឹងព្យាយាមរៀបចំនូវយុទ្ធសាស្រ្តល្អៗ ដើម្បីពង្រឹងទៅលើសេវាទាំងអស់នេះ ឲ្យកាន់តែមានភាពល្អប្រសើឡើង សម្រាប់ថ្ងៃខាងមុខ។
សូមបញ្ជាក់ថា ជារៀងរាល់ខែ NEA តែងតែរៀបចំកិច្ចសម្ភាសប្រចាំខែ សម្រាប់អ្នកស្វែងរកការងារធ្វើ និងការបង្ហាត់បង្រៀនអំពីជំនាញទន់ ក្នុងនោះមានការចូលរួមពីក្រុមមគ្គុទេសក៍អាជីព សម្រាប់ជួយដល់និស្សិត ឲ្យស្គាល់ពីបច្ចុប្បន្នភាពនៃទីផ្សារការងារ និងត្រៀមលក្ខណៈក្លាយជាបុគ្គលិកដ៏ល្អ ក្នុងក្រុមហ៊ុន។
សូមរំលឹកថា នាខែសីហាកន្លងទៅនេះ NEA បានរៀបចំកម្មវិធីវេទិកាការងារចំនួន៣ដង និងមានក្រុមហ៊ុនចូលរួមចំនួន៣០ទទួលបានអ្នកចូលរួមចំនួន៩០០នាក់ ព្រមទាំងមានយុវជនចំនួន១៦១នាក់ ជាប់ជាស្ថាពរ និង៥៥១នាក់ទៀតជាប់បឋម។
ដោយឡែកសម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័រ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕