(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានសម្តែងទឹកព្រះទ័យអបអរសាទរ និងរីករាយជូនចំពោះសម្តេចពញាចក្រី ហេង សំរិន ដែលត្រូវបានសមាជិករដ្ឋសភាបោះឆ្នោតគាំទ្រធ្វើជាប្រធានរដ្ឋសភានីតិកាលទី៦។
នៅក្នុងព្រះរាជលិខិតផ្ញើជូនសម្តេចពញាចក្រី ហេង សំរិន នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ អង្គព្រះមហាក្សត្រខ្មែរ បានកោតសរសើរសម្តេចពញាចក្រី ហេង សំរិន ដែលបានដឹកនាំសកម្មភាពរដ្ឋសភានីតិកាលទី៥កន្លងទៅទទួលបានជោគជ័យដ៏ធំធេង។
ព្រះមហាក្សត្រខ្មែរក៏បានបង្ហាញទឹកព្រះទ័យជឿជាក់ថា ក្នុងនីតិកាលទី៦នេះ សម្តេចពញាចក្រី ហេង សំរិន រួមជាមួយសមាជិក សមាជិកានៃរដ្ឋសភាដទៃទៀត នឹងដឹកនាំរដ្ឋសភាទទួលបានជោគជ័យបន្តទៅទៀត។ អង្គព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់នៃជាតិកម្ពុជា បានមានព្រះរាជបន្ទូលយ៉ាងដូច្នេះ «ខ្ញុំជឿជាក់ថា ក្នុងនីតិកាលទី៦ជាបន្តទៅទៀតនេះ សម្តេចអគ្គមហាពញាចក្រី រួមជាមួយសមាជិក សមាជិកា ដ៏ឧត្តម នៃរដ្ឋសភា នឹងដឹកនាំរដ្ឋសភាទទួលបានមហាជោគជ័យបន្ថែមទៀតលើបេសកកម្ម នីតិប្បញ្ញត្តិ សម្រាប់ជាឧត្តមប្រយោជន៍របស់ប្រជាជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា»។
ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ក្នុងព្រះរាជលិខិតអបអរសាទរនេះ ក៏បានប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនសម្តេចពញាចក្រី ហេង សំរិន និងសមាជិក សមាជិកា នៃរដ្ឋសភាផងដែរ។
សូមបញ្ជាក់ថា នៅក្នុងសម័យប្រជុំរដ្ឋសភានាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ សមាជិក សមាជិកា នៃរដ្ឋសភាទាំងអស់ បានបោះឆ្នោតគាំទ្រសម្តេច ហេង សំរិន ជាប្រធានរដ្ឋសភា លោក ងួន ញ៉ិល អនុប្រធានទី២ លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភានីតិកាលទី៦៕