(រតនគិរី)៖ លោក លើ វ៉ាន់ព្រហស្បតិ៍ អាយុ៣០ឆ្នាំ ជាជនជាតិដើមភាគតិចទំពូន នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ បានប្រាប់ភ្នាក់ងារ Fresh News ថារូបគាត់រំពឹងថា ក្រោយប្រកាសរាជរដ្ឋាភិបាលថ្មី អាណត្តិទី៦នេះ ប្រទេសជាតិនឹងបន្តនូវសុខសន្តិភាព រួមទាំងការអភិវឌ្ឍលើគ្រប់វិស័យបន្ថែមទៀត ជាពិសេសសម្រាប់ខេត្តរតនគិរីរបស់ពួកគាត់នេះតែម្តង។
ជនជាតិដើមភាគតិចទំពូនរូបនេះ បានឱ្យដឹងទៀតថា បើទោះបីជាប្រជាពលរដ្ឋរស់នៅក្នុងទឹកដីខេត្តរតនគិរី ភាគច្រើនសុទ្ធសឹងតែជាជនជាតិដើមភាគតិចក៏ពិតមែន ក៏ប៉ុន្តែការទំនាក់ទំនងជាមួយបងប្អូនដែលរស់នៅស្រុកក្រោម គឺពុំមែនជាការពិបាកនោះទេ ដោយសារហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ផ្លូវថ្នល់ ដែលបានតភ្ជាប់ពីខេត្តមួយទៅខេត្តមួយមានលក្ខណៈល្អប្រសើរ ដែលបានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋទាំងការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ រួមទាំងកសិផលផ្សេងៗ។
រីឯលោក រចំ សាវឿន អាយុ២៦ឆ្នាំ ជាជនជាតិដើមភាគតិចចារ៉ាយបានទទួលស្គាល់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិពិតជាទទួលបាននូវសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ប៉ុន្តែទន្ទឹមហ្នឹងនោះជនជាតិដើមភាគតិចចារ៉ាយរូបនេះ គាត់ចង់ឃើញខេត្តរតនគិរី ដែលលោកបានរស់នៅតាំងពីតូចរហូតដល់បច្ចុប្បន្ននេះ កាន់តែមានការអភិវឌ្ឍបន្ថែម ជាពិសេសចំពោះវិស័យអប់រំ និងគមនាគមន៍ផ្លូវដល់។
លោក រចំ សាវឿន ដែលជាជនជាតិដើមភាគតិចម្នាក់មានសមត្ថភាព និងចំណេះដឹងខ្ពស់ ទាំងភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចារ៉ាយ និងធ្លាប់បម្រើការងារជាមួយអង្គការជាតិ និងអន្តរជាតិ រួមទាំងបច្ចុប្បន្នកំពុងបម្រើការងារនៅក្នុងមន្ទីររបស់រដ្ឋផងដែរនោះ បានលើកឡើងថា មូលហេតុដែលរូបលោកចង់ឱ្យរាជរដ្ឋាភិបាលអាណត្តិទី៦នេះ ពង្រឹង និងបង្កើនគុណភាពនៃវិស័យអប់រំនោះ ព្រោះថាបច្ចុប្បន្នជនជាតិដើមភាគតិចមួយចំនួនក្នុងខេត្តរតនគិរី ហាក់នៅមានកម្រិតក្នុងវិស័យអប់រំនេះ ទាំងពលរដ្ឋ ទាំងអាជ្ញាធរភូមិ ដូច្នេះលោកចង់ឃើញជនជាតិជំនាន់ក្រោយទទួលបាននូវចំណេះដឹងទូលំទូលាយជាងបច្ចុប្បន្ន។
ដោយឡែក លោក ងួន ក្រែង មានអាយុ៣៣ឆ្នាំ ជាប្រជាពលរដ្ឋចំណាកស្រុកមកពីខេត្តកំពង់ចាម ផ្លាស់មកបម្រើការងារនៅក្នុងខេត្តរតនគិរី បានបង្ហាញជំនឿទុកចិត្តស្រដៀងលោកទាំងពីរខាងលើដែរ ពោលគឺការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំតស៊ូដឹកនាំប្រទេសជាតិតាំងពីបាតដៃទទេរ រហូតដល់មានការអភិវឌ្ឍលើគ្រប់វិស័យដូចនាពេលបច្ចុប្បន្ននេះ។
ទន្ទឹមគ្នានោះដែរ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តរតនគិរី ទាំងជនជាតិខ្មែរ និងជនជាតិដើមភាគតិច រំពឹងថាខេត្តរបស់ខ្លួននឹងកាន់តែមានការអភិវឌ្ឍនោះ ពួកគាត់ក៏បានសាទរចំពោះវត្តមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាប្រមុខរាជរដ្ឋាភិបាលដ៏ឆ្នើម ដែលបានដឹកនាំកម្ពុជាឱ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍ ដូចនាពេលបច្ចុប្បន្ននេះ៕