(ព្រះវិហារ)៖ ក្នុងសភាពគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ បុរសម្នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរូបគេបានយកគ្រាប់មិនទាន់ផ្ទុះ ប្រភេទបេ៤០ ទៅដំលេងរហូតដល់ផ្ទុះ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកវរសេនីយ៍ត្រី ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានយកគ្រាប់បេ៤០ ដែលរើសបានពីយូរមកហើយនោះ ទៅដំច្នៃនឹងកាំបិត ហើយពេលកំពុងដំនោះក៏ត្រូវកាដង់គ្រាប់ បណ្តាលឱ្យផ្ទុះឡើង និងបង្កឱ្យបុរសខាងលើរងរបួសធ្ងន់តែម្ដង។

លោកវរសេនីយ៍ត្រីបានបន្តថា ភ្លាមៗនោះ ជនរងគ្រោះត្រូវបានគេដឹកយកទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត តែដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះក៏ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ១៦ មករា ខេត្តព្រះវិហារបន្តទៀត។

លោកអធិការបន្តទៀតថា ជនរងគ្រោះមានឈ្មោះ លេង បូណា អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំខាងលើ។

ពាក់ព័ន្ធនឹងករណីនេះ លោកវរសេនីយ៍ត្រី ឱ សេង ក៏បានប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងឡាយ ពោលប្រសិនបើរើសបាន ឬក៏ជួបប្រទះនៅកន្លែងណាមួយ ត្រូវរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់ ដាច់ខាតមិនត្រូវយកវាទៅដំ ឬគប់លេងនោះឡើយ៕